(ក្រុងឡុងដ៍)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) បានសម្រេចបើកការស៉ើបអង្កេតជាផ្លូវការ ចំពោះហេតុការណ៍នៅកីឡដ្ឋាន Wembley ដែលបង្កឡើងដោយអ្នកគាំទ្រ កាលពីរាត្រីថ្ងៃអាទិត្យ អំឡុងការប្រកួតផ្តាច់ព្រ័ត្រ Euro 2020 រវាងអង់គ្លេស និងអ៉ីតាលី។ បន្ថែមលើនេះ UEFA ថែមទាំងបានសម្រេចពិន័យ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ចំនួន ៤បទល្មើសទៀត ដែលពាក់ព័ន្ធនឹងបញ្ហាដែលបង្កដោយអ្នកគាំទ្រអសីលធម៌ទាំងនោះ។

បន្ទាប់ពីការឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួត Euro ក្រោយរង់ចាំអស់រយៈពេល ៥៥ឆ្នាំ អង់គ្លេសបានចាញ់អ៉ីតាលី ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៣ទល់នឹង២ ដែលប្រការនេះ បង្កជាហេតុការណ៍ហិង្សាយ៉ាងកម្រោលពីអ្នកគាំទ្ររបស់ខ្លួន។ គិតត្រឹមថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២១ សារព័ត៌មាន ESPN បានស្រង់ប្រភពពីនគរបាលអង់គ្លេសថា មន្ត្រីនគរបាលប្រមាណ ១៩នាក់ បានរងបួសពេលបង្ក្រាបហិង្សាខាងលើ ខណៈមានមនុស្ស ៨៦នាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះដែរ មានប្រមាណ ៥៣នាក់ ត្រូវបានចាប់ខ្លួននៅកីឡដ្ឋាន Wembley ដោយផ្ទាល់តែម្តង។

ក្នុងថ្ងៃប្រកួតនោះ មានវីដេអូជាច្រើនដែលត្រូវបានចែកចាយលើបណ្តាញសង្គម បង្ហាញថា អ្នកគាំទ្រអង់គ្លេសបានសម្រុកចូលក្នុងកីឡដ្ឋានទាំងគ្មានសំបុត្រទស្សនា ហើយលើសពីនេះ ពួកគេបានដេញវាយតប់អ្នកគាំទ្រអ៉ីតាលី, បង្កសំឡេងរំខាន ព្រមទាំងបង្កភាពអនាធិបតេយ្យតាមដងផ្លូវផងដែរ។ កាន់តែយ៉ាប់នោះ អ្នកគាំទ្រអង់គ្លេស បានស្តោះទឹកមាត់, ជាន់, ហែក, និងរៀបចំការដុតទង់ជាតិអ៉ីតាលីជាដើម។

សេចក្តីថ្លែងការណ៍ដែលចេញដោយ UEFA បានសម្រេចពិន័យសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ៤បទល្មើស ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «(បទល្មើសទាំង៤នោះ រួមមាន) ការសម្រុកចូលលើទីលានបាល់ទាត់ ដែលបង្កដោយអ្នកគាំទ្រអង់គ្លេស, ការគប់វត្ថុនានាទៅលើទីលាន, ការរំខានអំឡុងពេលគោរពភ្លេងជាតិ, និងការដុតភ្លើងកាំជ្រួចផ្តេសផ្តាស»

អង់គ្លេស ថែមទាំងអាចប្រឈមមុខនឹងការមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាការប្រកួត ក្នុងកីឡដ្ឋានផ្ទាល់ ក្រោយពេលដែល UEFA បើកការស៉ើបអង្កេតជាផ្លូវការ រឿងដែលអ្នកគាំទ្រខ្លួនបង្កឡើង ក្នុងការប្រកួតផ្តាច់ព្រ័ត្រខាងលើ។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មាន the Guardian ។

កាលពីសប្តាហ៍មុនផងដែរ UEFA ធ្លាប់បានសម្រេចពិន័យសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ជាង ៣៥,០០០ដុល្លារអាមេរិក ជុំវិញករណីបាញ់ភ្លើងឡាស៊ែដាក់អ្នកចាំទីដាណឺម៉ាក។ UEFA ថែមទាំងពិន័យលើករណី ដែលអ្នកគាំទ្របង្កសំឡេងរំខានពេលគោរពភ្លេងជាតិដាណឺម៉ាក និងការដុតកាំជ្រួចផ្តេសផ្តាស ខណៈដែលអ្នកគាំទ្រវិស័យបាល់ទាត់ថ្កោលទោសអង់គ្លេសជាខ្លាំង ក្នុងនាមជាម្ចាសផ្ទះ បែរជារៀបចំមិនមានភាពរលូនល្អ៕