(ប៉ារីស)៖ កីឡាករចាំទី Gianluigi Donnarumma សមាជិកឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA European Championship 2020 ជាមួយក្រុមជម្រើសជាតិអាសូរីអ៉ីតាលី បានសម្រេចទៅចូលរួមជាមួយក្លិបបារាំង Paris Saint-Germain ជាផ្លូវការហើយ នៅពេលចប់កិច្ចសន្យាជាមួយក្លិបក្នុងស្រុក AC Milan។

អ្នកចាំទីដែលមានវ័យទើបតែ ២២ឆ្នាំខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Parc des Princes រយៈពេល ៥ឆ្នាំដែលជាការផ្ទេរគ្មានតម្លៃខ្លួន ក្រោយពេលកិច្ចសន្យាជាមួយ AC Milan តាំងពីខែមិថុនា ឆ្នាំ២០២១ តែភាគីទាំងពីរមិនបានបញ្ជាក់ពីប្រាក់ពលកម្មឲ្យ BBC ដឹងឡើយ។

Donnarumma បានសង្រ្គោះបាល់ប៉េណាល់ទី ២គ្រាប់ដ៏អស្ចារ្យ ដើម្បីជួយអាសូរីអ៉ីតាលីឈ្នះជើងឯក UEFA Euro 2020 ជាលើកទី២ របស់ពួកគេ ក្រោយរង់ចាំអស់រយៈពេល ៥៣ឆ្នាំមកនេះគិតចាប់ពីឈ្នះដំបូងក្នុងឆ្នាំ១៩៦៨ ក្នុងទឹកដីរបស់ខ្លួនមក។

Donnarumma បានក្លាយជាសមាជិកទី៣ ដែល PSG ទិញចូលត្រៀមរដូវកាលថ្មីឆ្នាំ២០២១-២០២២ ចាប់ផ្តើម ក្រោយការមកដល់របស់ខ្សែបម្រើហូឡង់ Georginio Wijnaldum និងខ្សែការពារអេស្ប៉ាញ Sergio Ramos នៅពួកគេសុទ្ធតែផផុតកិច្ចសន្យាជាមួយក្លិបចាស់ទាំងអស់៕