(អាមេរិក)៖ គណៈកម្មការសុវត្ថិភាពផលិតផលអតិថិជន (CPSC) បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្តឹងក្រុមហ៊ុន Amazon.com Inc ដោយបង្ខំឱ្យអ្នកលក់រាយ (អ្នកចែកចាយបន្តពី Amazon) ប្រមូលផលិតផល ដែលមានគ្រោះថ្នាក់រាប់រយរាប់ពាន់ ដែលបានចែក ចាយ ទៅកាន់អ្នកលក់រាយផ្សេងៗនៅជុំវិញពិភពលោក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ផលិតផលទាំងនោះរួមមានឧបករណ៍រាវរកជាតិកាបូនម៉ូណូអុកស៊ីតចំនួន ២៤០០០គ្រឿង ដែលមិនដំណើរការ, ម៉ាស៊ីនសម្ងួតសក់ជិត ៤០០០០០គ្រឿង ដែលខ្វះការការពារប្រឆាំងនឹងការឆក់ និងការស៊ីភ្លើង និងសម្លៀកបំពាក់គេងរបស់កុមារជាច្រើនដែលអាចឆេះ ឬបង្កជាគ្រោះអគ្គិភ័យបាន។

តំណាង CPSC បានថ្លែងឱ្យដឹងថា «យើងត្រូវរកវិធីដោះស្រាយ និងទប់ស្កាត់ការប្រើប្រាស់ផលិតផលមិនល្អ ផលិតផលគ្មានគុណភាព និងផលិតដែលអាចបង្កជាហានិភ័យសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់នៅអាមេរិក»

CPSC បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន Amazon កន្លងមកពិតជាបានត្រួតពិនិត្យទៅលើឧបករណ៍ និងផលិតផល ផ្សេងៗ មុន ពេល ចែកចាយ ឬដាក់លក់ទៅឱ្យអតិថិជន ប៉ុន្តែក៏នៅមានចន្លោះប្រហោងផងដែរ ជាក់ស្ដែងដូចករណីខាងលើនេះ ដូច្នេះទាមទារឱ្យមានការ ត្រួតពិនិត្យឱ្យបានល្អិតល្អន់ មុនសម្រេចចិត្តដាក់លក់ ឬប្រើប្រាស់។

ក្រុមហ៊ុន Amazon បាននិយាយថា ខ្លួនបានលុបចោលផលិតផលភាគច្រើនចេញពីហាង ព្រមទាំងបានផ្តល់ប្រាក់សំណងដល់អតិថិជនយ៉ាងពេញលេញផងដែរ ចំពោះផលិតផល ឬឧបករណ៍ទាំងឡាយដែល គ្មានគុណភាព ឬ មានបញ្ហា៕