(អាមេរិក)៖ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងខ្ពស់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បានធ្វើឲ្យតម្លៃក្រុមហ៊ុននៅលើទីផ្សារ (តម្លៃមូលធនទីផ្សារ) កើនឡើងដល់ ២.៥ទ្រីលានដុល្លារ និងបានក្លាយជាក្រុមហ៊ុនសាធារណៈដំបូងគេរបស់អាមេរិក ដែលទទួលបានតម្លៃនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាអាមេរិកមួយនេះបានកើនឡើងជាង ២ភាគរយ នៅក្នុងការជួញដូរកាលពីថ្ងៃពុធដែលនាំឱ្យតម្លៃទីផ្សារ កើនឡើងខ្ពស់ជាង ២.៥ទ្រីលានដុល្លារជាលើកដំបូង។

ការកើនឡើងនេះ ត្រូវបានគេមើលឃើញថា តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនដល់កម្រិតខ្ពស់ថ្មីនេះ គឺប្រើពេលវេលាមិនដល់មួយឆ្នាំផង ដោយកាលពីឆ្នាំមុន Apple មានតម្លៃនៅលើទីផ្សារត្រឹមតែ ២ទ្រីលានដុល្លារប៉ុណ្ណោះ។

ចាប់តាំងពីដើមឆ្នាំ២០២១នេះមក តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងជាង ១៤ភាគរយ បើធៀបទៅនឹងឆ្នាំចាស់។

គួរបញ្ជាក់ផងដែរថា តម្លៃក្រុមហ៊ុន Apple បានកើនឡើងដល់ ២ទ្រីលានដុល្លារអាមេរិកកាលពីខែសីហា ឆ្នាំ២០២០ និងបានធ្លាក់ចុះវិញបន្តិច និងបានបន្តកើនឡើងជាលំដាប់ចាប់ពីខែវិច្ឆិកាឆ្នាំ២០២០៕