(ភ្នំពេញ)៖ កញ្ញាឯកតំណាងកម្ពុជា «Miss Universe Cambodia» ស្រីស្រស់ រ៉េត សារីតា បានធ្វើដំណើរមកដល់ប្រទេសកំណើតរបស់ខ្លួនវិញហើយ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ម្សិលមិញនេះ បន្ទាប់ពីបានបំពេញបេសកកម្មការងារ តំណាងឲ្យជាតិកម្ពុជា ចេញទៅប្រកួតកម្មវិធី «Miss Universe International» នៅលើទឹកដីសហរដ្ឋអាមេរិក អស់រយៈពេលប្រមាណជា៣ខែ។ ដោយសារតែការវិលត្រឡប់មកវិញ របស់ រ៉េត សារីតា ស្ថិតក្នុងបរិបទកូវិដ-១៩ កំពុងវាយលុកខ្លាំង រូបនាងត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាលជាមុនសិន មុននឹងចេញប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយសមាជិកគ្រួសារ មិត្តភក្តិ ក្រុមការងារ ឬធ្វើដំណើរជាសាធារណៈ។

លោក ម៉ែន និមលរតន៍ អ្នកគ្រប់គ្រងកម្មវិធីប្រកួតនៅកម្ពុជា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា កញ្ញា រ៉េត សារីតា ដែលជាកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួតក្នុងកម្មវិធី «Miss Universe International» នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២១នោះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នាល្ងាចម្សិលមិញនេះ។ ប៉ុន្តែដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ មិនទាន់ធូរស្បើយ គឺក្រុមការងារមិនបានបង្ហាញឲ្យដឹងជាសាធារណៈ ឬមានអ្នកគាំទ្រទៅទទួលច្រើនកុះករនោះទេ។

អ្នកគ្រប់គ្រងកម្មវិធីរូបនេះ បន្តទៀតថា បន្ទាប់ពីមកដល់ប្រទេសកម្ពុជាភា្លម រូបលោក និងកញ្ញា រ៉េត សារីតា បានសួរសុខទុក្ខ និងពិភាក្សាការងារថ្មីៗជាមួយគ្នាតាមទូរស័ព្ទ ជាហូរហែមកហើយដែរ ខណៈដែលរូបនាងត្រូវបានបញ្ជូន ឲ្យទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅក្នុងសណ្ឋាគារភ្នំពេញ។ លោកថា ទោះបីជាកញ្ញាឯកតំណាងកម្ពុជា «Miss Universe Cambodia» កញ្ញា រ៉េត សារីតា មិនបាននាំជយលាភីមកកាន់ប្រទេសកម្ពុជាវិញក្ដី ប៉ុន្តែរូបនាងនៅតែរឹងមាំ រីករាយ និងប្ដេជ្ញាពង្រឹងបន្តការងារ ក្នុងវិស័យសិល្បៈឲ្យកាន់តែទូលំទូលាយជាមុនបន្ថែមទៀត។

គួរបញ្ជាក់ថាកញ្ញា រ៉េត សារីតា បានចាកចេញពីមាតុភូមិ ទៅចូលរួមកម្មវិធី «Miss Universe International» នៅអាមេរិក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ស្របពេលពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងដំណើរចាកចេញពីប្រទេសពេលនោះ បេក្ខនារីកម្ពុជាដែលមានជំនាញអាចនិយាយបាន ៣ភាសា កញ្ញា រ៉េត សារីតា បាននាំយកនូវឈុតតំណាងជាតិ ដែលមានឈ្មោះថា «ទេពរួបរួម» និងក្បាច់គុនល្បុក្កតោខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ។

ប៉ុន្តែទោះជាយ៉ាងណា កញ្ញាឯកតំណាងកម្ពុជា រ៉េត សារីតា ពុំទទួលបានជយលាភីគ្រងមកុដក្នុងព្រឹត្តិការណ៍ «Miss Universe International» នៅអាមេរិកនោះទេ ដោយកម្មវិធីទាំងមូលបានរកឃើញម្ចាស់ពាន គឺបានទៅលើបវរកញ្ញា មកពីប្រទេស Mexico៕