(ភ្នំពេញ)៖ ទីបំផុតក្រុមកំពូលតារាងអង្គរថាយហ្គឺរ បានស្គាល់បរាជ័យក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះហើយ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវិសាខា ដោយលទ្ធផល ៣-១ ក្នុងជំនួបសប្ដាហ៍ទី៨ នៅកីឡដ្ឋានព្រីនស៍នាល្ងាចថ្ងៃទី១៥ ខែកក្កដានេះ។

ជំនួបដ៏ជក់ចិត្តនេះ វិសាខា បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់មុននៅវគ្គទី១ ដោយខ្សែប្រយុទ្ធកាណាដា Marcus Haber នៅនាទី១៥ និងនាទីទី២០។ ចូលវគ្គទី២ ក្រុមទាំងពីរបានបើកការវាយសម្រុកគ្នាកាន់តែខ្លាំង ខណៈនៅនាទី៥៦ ឡុង ភារ៉ាត់ បានទាត់បាល់ហ្វ្រីឃីកបំប៉ោងសំណាញ់ទីវិសាខា ១គ្រាប់វិញ មុនត្រូវកីឡាករម្ចាស់ផ្ទះ រ៉ឺង ប៊ុនហៀង រកបានគ្រាប់ទី៣ ឲ្យក្រុមម្ចាស់ផ្ទះនៅនាទី៨៨ ដើម្បីធានាជ័យជម្នះ និងបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមអង្គរថាយហ្គឺរតែម្ដង។

នេះគឺជាបរាជ័យលើកដំបូងរបស់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ តែយ៉ាងណាពួកគេនៅតែឈរកំពូលតារាងជាបណ្ដោះអាសន្ន ដោយមាន ១៩ពិន្ទុក្នុងដៃជាមួយលទ្ធផល ៨ប្រកួត ឈ្នះ៦ ស្មើ១ និងចាញ់១ គ្រាដែលវិសាខា បានឡើងឈរលេខរៀងទី២ ជាបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ៧ប្រកួត ឈ្នះ៤ និងស្មើ៣ មិនទាន់ស្គាល់ចាញ់ឡើយ៕