(អាមេរិក)៖ កាលពីខែមុន ក្រុមហ៊ុន Blue Origin បានប្រកាសថា កៅអីទំនេរសម្រាប់ហោះឡើងទៅលើលំហអវកាស ដែលជាបេកកកម្ម ដំណើរការកម្សាន្តដំបូងនៅលើអវកាសរបស់លោក Jeff Bezos ត្រូវបានដាក់ដេញថ្លៃ និងរកឃើញអ្នកទិញសំបុត្រ ប៉ុន្តែមិនបាន បញ្ជាក់ អត្តសញ្ញាណឡើយ ដោយឡែកនៅពេលនេះ អត្តសញ្ញាណត្រូវបានបង្ហាញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទិញសំបុត្រសម្រាប់ធ្វើ ដំណើរ កម្សាន្តទៅទីអវកាសដោយរួមដំណើរការជាមួយលោក Jeff Bezos គឺជានិស្សិតផ្នែករូបវិទ្យាអាយុ ១៨ឆ្នាំម្នាក់ ដែលមានឪពុក ជាប្រធាន ក្រុមហ៊ុន «គ្រប់គ្រង់ការវិនិយោគ» មួយ ដោយបានចំណាយប្រាក់ ២៨លានដុល្លារអាមេរិក ក្នុងទិញសំបុត្រមួយនេះ។

ក្រុមហ៊ុន Blue Origin បានប្រកាសឱ្យដឹងថា ក្មេងប្រុសឈ្មោះ Oliver Daemen នឹងធ្វើដំណើរកម្សាន្តទៅកាន់ទីអវកាសជាមួយនឹង អ្នក ដំណើរការ ២នាក់ទៀតគឺមានលោក Jeff Bezos និងប្អូនប្រុសរបស់លោក ព្រមទាំងមាននាវិកចំនួន ២នាក់ ព្រោះថាយានអវកាស New Shepard អាចផ្ទុកមនុស្សបានត្រឹមតែ ៦នាក់ប៉ុណ្ណោះ ហើយគ្រោងនឹងធ្វើដំណើរនៅថ្ងៃទី២០ ខែកក្កដា។

យោងតាមការបញ្ជាក់ពី Blue Origin បានឱ្យដឹងថា Oliver Daemen គឺកំពុងត្រៀងខ្លួនចូលរៀននៅមហាវិទ្យាល័យ University of Utrecht ក្នុងប្រទេសហូឡង់ ដើម្បីសិក្សាផ្នែករូបវិទ្យា និងការបង្កើតថ្មី ហើយគេក៏ត្រៀមខ្លួនទទួលបានបិទបើកបរយន្តហោះផងដែរ ព្រោះអាយុរបស់គេគ្រប់ ១៨ឆ្នាំ ខណៈដែលឪពុករបស់ Oliver Daemen ត្រូវបានគេស្គាល់ឈ្មោះថា Joes Daemen ជា ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Somerset Capital Partners ដែលផ្ដល់សេវាកម្មវិនិយោគផ្នែកអចលនទ្រព្យ និងការវិនិយោគទូទៅ។

គួរបញ្ជាក់ថា យានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នាតែម្តង រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរ បានសរុបចំនួន ០៦នាក់ ដោយស្វ័យប្រវត្តិ ឡើងទៅកាន់រយៈកម្ពស់ជាង ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយាន New Shepard ចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង៕