(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ដំណើរការមធ្យោបាយទទួលយកដំណោះស្រាយធានារ៉ាប់រង តាមប្រព័ន្ធឌីជីថល។

នេះគឺជាជំហានថ្មីមួយទៀតសម្រាប់ក្រុមហ៊ុន ស្របពេលនៃការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាដៃគូផ្តល់ដំណោះស្រាយ និងការការពារហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល។

AIA ងាយៗលឿនៗ គឺជាមធ្យោបាយផ្តល់ដំណោះស្រាយសេវាធានារ៉ាប់រងអាយុជីវិតជូនប្រជាជនកម្ពុជា ដើម្បីទទួល បានការការពារហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ មធ្យោបាយថ្មីនេះអនុញ្ញាតឱ្យអតិថិជនប្រើទូរស័ព្ទដៃ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដើម្បីទទួលយកការការពារដោយមិនចាំបាច់ជួបផ្ទាល់ជាមួយផ្នែកលក់។

AIA ការពារបឋ គឺជាដំណោះស្រាយធានារ៉ាប់រងដំបូងដែលមាននៅក្នុងមធ្យោបាយថ្មីនេះ។ AIA ការពារបឋម គឺជាគម្រោងការពារហិរញ្ញវត្ថុគ្រួសារសម្រាប់មនុស្សជាទីស្រឡាញ់ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង ហើយនាពេលខាងមុខដ៏ខ្លីនេះ ក្រុមហ៊ុននឹងផ្តល់ជូនគម្រោងធានារ៉ាប់រងជាមួយបុព្វលាភធានារ៉ាប់រង ដែលមានតម្លៃសមរម្យជាច្រើនទៀត ។

លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា “អេ អាយ អាយ ខេមបូឌាបានបង្កើត និងបន្តផ្តល់ដំណោះស្រាយការពារហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ងាយស្រួល សុវត្ថិភាព និងមាននៅគ្រប់ទីកន្លែងជូនអតិថិជន។ តួយ៉ាង ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ AIA ងាយៗលឿនៗ និងផលិតផលធានារ៉ាប់រងជាច្រើន ដែលអតិថិជនអាចទទួលយកដំណោះស្រាយធានារ៉ាប់រងបានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ ឬកុំព្យូទ័រ គឺជាសាខ្ខីភាពនៃភាពច្នៃប្រឌិត និងភាពងាយស្រួល។

លោកបានបន្ថែមទៀតថា «មធ្យោបាយទទួលយកដំណោះស្រាយធានារ៉ាប់រងតាមប្រព័ន្ធឌីជីថលនេះ បំពេញបន្ថែម ក៏ដូចជាការលើកកម្ពស់គោលដៅចម្បងរបស់យើង ក្នុងការជួយអតិថិជនឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។
ការប្រើប្រាស់បច្ចេកវិទ្យាទំនើបមិនត្រឹមតែជាកត្តាចាំបាច់សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយក្នុងការធានាឲ្យបានថាយើងអាចផ្តល់ជូនអតិថិជន និងសហគមន៍ នូវផលិតផល និងសេវាកម្មដែលផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ»

ការដាក់ឲ្យដំណើរការ AIA ងាយៗលឿនៗ មិនមែនជាលើកដំបូងដែល អេ អាយ អាយ ខេមបូឌា ផ្តោតលើបច្ចេកវិទ្យានោះទេ។ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងខែមេសាឆ្នាំមុន ក្រុមហ៊ុនបានដាក់ឲ្យដំណើរការបែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុង (Virtual Face-to-Face ឬ VFTF) សម្រាប់ផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងជីវិត និងការអភិវឌ្ឍអាជីវកម្ម ដើម្បីឱ្យអតិថិជនទទួលបានដំណោះស្រាយធានារ៉ាប់រង និងការប្រឹក្សានានា ទោះបីមានវិធានការណ៍រក្សាគម្លាតសង្គមក៏ដោយ។

ក្រុមហ៊ុនក៏ប្រើប្រាស់បច្ចេកវិទ្យាទំនើបជាច្រើនទៀត ដូចជាការផ្តល់ជូនមធ្យោបាយនានាដើម្បីធ្វើការងារតាមអនឡាញដល់ទីប្រឹក្សាផែនការជីវិតរបស់ខ្លួន រួមនឹងវគ្គបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ដើម្បីពង្រឹងសេវាកម្មអតិថិជន និងប្រតិបត្តិការអាជីវកម្មឲ្យរលូន។

សម្រាប់ព័ត៌មានបន្ថែមថាតើ AIA ងាយៗលឿនៗ អាចជួយអ្នកសន្សំពេលវេលា រួមនឹងភាពស្ងប់អារម្មណ៍ផ្នែកហិរញ្ញវត្ថុ សូមទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 086 999 242 ឬគេហទំព័រ aia.com.kh៕