(ក្រុងឡុងដ៍)៖ ប៉ូលិសប្រចាំទីក្រុង London បានធ្វើការឃាត់ខ្លួនអ្នកសរសេរបង្ហោះលក្ខណៈរើសអើងពូជសាសន៍កីឡាករអង់គ្លេសនៅលើបណ្តាញសង្គមបានចំនួន ៥នាក់នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ក្រោយពេលម្ចាស់ផ្ទះអង់គ្លេសចាញ់អាសូរីអ៉ីតាលី ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីនៅ Euro 2020។

នាយប៉ូលិសប្រចាំទីក្រុងឡុងដ៍ លោក Mark Roberts បានថ្លែងប្រាប់ BBC នៅថ្ងៃនេះថា «ករណីឃាត់ខ្លួនអ្នករើសអើងពូជសាសន៍នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុកដដែល ហើយអ្នកទាំងនោះនឹងត្រូវប្រឈមមុខច្បាប់ដ៏ធ្ងន់ធ្ងរទៀតផង»

ករណីរើសអើងពូជសាសន៍បានកើតយ៉ាងព្រោងព្រាតទាំងក្នុងកីឡដ្ឋាន Wembley ក៏ដូចជានៅលើបណ្តាញសង្គមទៅលើកីឡាករ ៣រូបរបស់អង់គ្លេសរួមមាន Marcus Rashford, Jodan Sancho និង Bukayo Saka នៅពេលពួកគេទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីអត់ចូលដូចគ្នា ធ្វើឲ្យអ៉ីតាលីឈ្នះអង់គ្លេស ៣-២ លើកពាន Euro 2020 ជាលើកទី២ របស់ពួកគេកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុននេះ។

លោក Gareth Southgate គ្រូបង្វឹកអង់គ្លេសក៏បានថ្លែងដែរថា «ការរើសអើសពូជសាសន៍ជាករណីដែលមិនអាចលើកលែងបានឡើយ និងជារឿងដែលគួរអោយស្តាយបំផុតនៅពេលកើតរឿងនេះ បើទោះបីជាពួកយើងបានចាញ់ក៏ដោយ»