(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ២ប្រភេទកីឡា គឺកីឡាហែលទឹក និងកីឡាអត្តពលកម្ម នឹងចេញទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុននាថ្ងៃទី២០ ខែកក្កដាដើមសប្ដាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម។

លោក ញ៉ាន សុខវិសាល បានឲ្យដឹងថា បេសកកម្មនេះនឹងដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មដែលត្រូវចេញដំណើរនៅថ្ងៃទី២០ ខែកក្កដា ដើម្បីត្រៀមចូលរួមពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ។

ចំណែកកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាដែលត្រូវចូលរួមព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ គឺមាន ៣រូបក្នុងនោះមានកីឡាហែលទឹក ២រូប រួមមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ដែលត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។

ដោយឡែកកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជាវិញ ក្រោយចូលរួមពិធីបើកការប្រកួតផ្លូវការ ត្រូវរង់ចាំរហូតដល់ថ្ងៃទី០១ ខែសីហា ទើបធ្វើការប្រកួត ទាំងកីឡាហែលទឹក និងអត្តពលកម្ម ហើយក្រោយចប់ការប្រកួត ប្រតិភូ និងអត្តពលិកកម្ពុជា គ្រោងត្រឡប់មកមាតុភូមិវិញភ្លាមៗ ដោយមិនរង់ចាំចូលរួមពិធីបិទការប្រកួតឡើយ ព្រោះកត្ដាសុវត្ថិភាព និងពិបាកស្វែងរកជើងហោះហើរត្រឡប់មកវិញ។ លោក ញ៉ាន សុខវិសាល បន្ថែម។

សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលលើកពេលមករៀបចំនៅឆ្នាំ២០២១ ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហាខាងមុខ កម្ពុជាពុំមានអត្តពលិកចូលរួមដោយពេញសិទ្ធិ ឬជាប់ការប្រកួតជម្រុះនោះទេ បន្ទាប់ពីកីឡាតេក្វាន់ដូ និងគុនដាវធ្លាក់ត្រឹមវគ្គជម្រុះ។ តែយ៉ាងណាកម្ពុជាបានទទួលសិទ្ធិអនុគ្រោះ ក្នុងការបញ្ជូនអត្តពលិក ២ប្រភេទកីឡាចូលរួមគឺកីឡាហែលទឹក ២នាក់ និងកីឡាអត្តពលិកម្នាក់៕