(កូរ៉េ)៖ តារាម៉ូដែលជួរមុខរបស់កូរ៉េខាងត្បូង និងជាតារាសម្តែងស្រី ដែលតែងតែលេចវត្តមាន ក្នុងភាពយន្តភាគកូរ៉េ គឺអ្នកនាង Han Hye Jin ត្រូវបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ ជាមួយកីឡាបាល់ទះ លោក Kim Yo Han ដែលវិជ្ជមានជំងឺកូវីដ-១៩ អំឡុងពេលចូលរួមកម្មវិធីកំសាន្តមួយជាមួយគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

ផលិតកម្ម ESteen បានបញ្ជាក់ថា តារាសម្តែងស្រី Han Hye Jin បានទទួលលទ្ធផលធ្វើតេស្តបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ខែកក្កដានេះ បន្ទាប់ពីដឹងថា លោក Kim Yo Han ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ម្សិលមិញ។ ការទៅធ្វើតេស្តភ្លាមៗនេះ បន្ទាប់ពីតារាប្រុសស្រីទាំងពីរ បានចូលរួមកម្មវិធីបែបសិល្បៈ «Leaders Romance» ជាមួយគ្នា។ យ៉ាងណាមិញ ផលិតកម្មក៏បានបញ្ជាក់បន្ថែមថា សម្រាប់ក្រុមការងារផ្សេងទៀត ដែលបានពាក់ព័ន្ធជាមួយអ្នកសិល្បៈទាំងពីរខាងលើ គឺមិនបានឆ្លងជំងឺនេះទេ ពោលគឺទទួលបានលទ្ធផលអវិជ្ជមាន។

គួរជម្រាបថា តារាស្រី Han Hye Jin បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងតែលេចវត្តមានសម្តែងក្នុងរឿង «Kick a Goal» របស់ទូរទស្សន៍ SBS ផងដែរ៕