(អាមេរិក)៖ ក្រុមហ៊ុនបច្ចកវិទ្យាចិន Xiaomi បានក្លាយជា ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោក លំដាប់ទី២ ដោយឈ្នះ Apple ខណៈដែល Samsung នៅតែរក្សាបានតំណែងជើងឯកលេខមួយ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

 ស្ថាប័នវិភាគ និងស្រាវជ្រាវទិន្នន័យ Canalys Research បានឱ្យដឹងថា នៅត្រីមាសកន្លងទៅនេះ តួលេខនៃការលក់ស្មាតហ្វូន របស់ ក្រុមហ៊ុន Xiaomi បានកើនឡើងរហូតដល់ ៨៣ភាគរយ និងទទួលបានចំណែកទីផ្សារ ១៧ភាគរយ ខណៈ Samsung មាន ១៩ភាគរយ និង Apple មាន ១៤ភាគរយ។

ចំណែកក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលលេចធ្លោជាងគេនោះ បានធ្លាក់ពីតំណែង Top 5 ដោយ សារតែក្រុមហ៊ុន Huawei ត្រូវបានរងសម្ពាធពីសំណាក់រដ្ឋាភិបាលអាមេរិក និងមួយទៀតក្រុមហ៊ុន Huawei បានងាក ទៅ ពង្រឹងការផលិតនូវឧបករណ៍ hardware ។

តំណាងរបស់ក្រុមហ៊ុន Canalys Research បានបញ្ជាក់ថា នៅក្នុងត្រីមាសទី២កន្លងទៅនេះ ក្រុមហ៊ុន Xiaomi បាន ដាក់ ចេញស្មាតហ្វូនដែលមានចំណុចទាក់ទាញជាច្រើន ជាពិសេសគឺតម្លៃចាប់ពីទាប រហូតដល់ខ្ពស់ ហើយចំពោះគុណភាព នៃស្មាតហ្វូនគឺត្រូវបានអ្នកគាំទ្រជាច្រើននៅតំបន់អាស៊ី សរសើរថាល្អ ទាំងរូបរាង និងសមត្ថភាព។

ក្រុមអ្នកវិភាគបានលើកឡើងថា Apple អាចនឹងទទួលបានតំណែងលេខ២វិញ នៅត្រីមាសចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ ដោយសារតែ Apple បានបញ្ជាឱ្យក្រុមហ៊ុនផលិតផ្គត់ផ្គង់ការផលិត iPhone ជំនាន់ថ្មី ឬ iPhone 13 រហូតដល់ ៩០ លានគ្រឿងសម្រាប់ដាក់លក់នៅលើទីផ្សារ៕