(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានចាត់ទុកគ្រាប់បាល់វាយបកចុងវគ្គទី១ ដែលរកបានដោយកីឡាករ លឹម ពិសុទ្ធ គឺជាគ្រាប់បាល់ដ៏សំខាន់ ដើម្បីវាយបកក្រុមព្រះខ័នរាជស្វាយរៀង មុនក្រុមទាំងពីរបញ្ចប់ការប្រកួតពេញម៉ោង ដោយលទ្ធផលស្មើគ្នា ៣-៣ នៅកីឡដ្ឋាន RSN នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី៨ កាលពីយប់មិញ។

គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនខាងលើបានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការរកបានត្រឹម ១ពិន្ទុពីក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដ្បិតលោកយល់ថា ភ្នំពេញក្រោន មានលទ្ធភាពយ៉ាងហោចរកបាន ៣គ្រាប់មុននៅវគ្គទី១។ តែយ៉ាងណាលោកនៅតែមានមោទនភាព និងពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កូនក្រុម បន្ទាប់ពីទទួលរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្នុងក្រុមកាលពីថ្មីៗកន្លងទៅ។ នេះបើតាមការបញ្ជាក់លើគេហទំព័រផ្លូវការរបស់អតីតក្រុមជើងឯកលីគ ៦សម័យ។

លោក Oleg និយាយថា «...យើងមានលទ្ធភាពក្នុងការរកគ្រាប់បាល់បាននៅដើមវគ្គទី១ ដោយវគ្គទី១ គួរតែ ៣-០ ក៏អាចថាបាន យើងបានរបូតគ្រាប់បាល់នៅពេលដែលគេវាយបកមកវិញ ប៉ុន្តែខ្ញុំគិតថាគ្រាប់បាល់ដែលយើងរកបាននៅចុងវគ្គទី១ នោះ(លឹម ពិសុទ្ធ រកបាន) គឺជាគ្រាប់បាល់ដែលសំខាន់ខ្លាំងណាស់។ យើងលេងបានល្អក្នុងការប្រកួត យើងគ្រប់គ្រងការប្រកួត ប៉ុន្តែខ្ញុំគិតថាភាពខ្វះខាតនៃចង្វាក់នៃការលេង ដោយសារតែយើងមិនមានការប្រកួតផ្លូវការក្នុងរយៈពេលយូរ ហើយក៏មានភាពខ្វះខាតនៃការបញ្ចប់ទី និងការការពារនៅតំបន់ខាងក្រោមផងដែរ»

សម្រាប់ជំនួបដ៏ជក់ចិត្តរវាងក្រុមខ្លាំង ប៉ះខ្លាំងយប់មិញ ស្វាយរៀងបានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់មុនដោយខ្សែប្រយុទ្ធកាមេរូន Privat នៅនាទី៣៩ និងនាទី៤៥ មុនកីឡាករ លឹម ពិសុទ្ធ វាយបកបាន ១គ្រាប់វិញនៅនាទី៤៥+២។ លុះចូលវគ្គទី២ លេងបានជាង ១០នាទី លឹម ពិសុទ្ធ ដដែលបានស៊ុតគ្រាប់តាមស្មើ ២-២ ឲ្យភ្នំពេញក្រោន នៅនាទី៦២ មុនមិត្តរួមក្រុម ប្រាក់ ធីវ៉ា បន្ថែមគ្រាប់នាំមុខ ៣-២ លើក្រុមភ្ញៀវនៅនាទី៧៣។ តែយ៉ាងណាសល់ ១០នាទីចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានវាយបកតាមស្មើ ៣-៣ វិញដោយកីឡាករ Lopez Mendy នៅនាទី៨០ ហើយបានរក្សាលទ្ធផលស្មើគ្នារហូតដល់ចប់ការប្រកួត៕