(អាមេរិក)៖ តារាល្បីៗដូចជា Tom Hanks, Brad Pitt, Angelina Jolie និងបុគ្គលល្បីៗជាច្រើនរូបទៀត ត្រូវបានបញ្ជាក់ថា បានកក់សំបុត្ររួចរាល់ហើយ សម្រាប់ការធ្វើដំណើរកំសាន្តទៅកាន់ទីអវកាស តាមរយៈក្រុមហ៊ុនអាកាសចរណ៍អវកាស Virgin Galactic របស់មហាសេដ្ឋីអង់គ្លេស លោក Richard Branson នាពេលខាងមុខ។ ការបញ្ជាក់ដូច្នេះ បន្ទាប់ពីថ្មីៗនេះ មហាសេដ្ឋីអង់គ្លេស លោក Richard Branson និងក្រុមការងាររបស់លោក ០៥នាក់ទៀត បានទទួលជោគជ័យ ក្នុងការធ្វើដំណើរទេសចរណ៍ ទៅកាន់ទីអវកាសជាលើកដំបូង។

បើតាមគេហទំព័រ Business Insider បានចេញផ្សាយនាពេលថ្មីៗនេះថា រហូតមកទល់នឹងពេលនេះ មានមនុស្សប្រហែលជា ៦០០នាក់ហើយ បានកក់សំបុត្រ ដើម្បីធ្វើដំណើរទៅកំសាន្តទៅទីអវកាស តាមរយៈក្រុមហ៊ុនអវកាសអាមេរិក-អង់គ្លេស វើជីន ហ្គាឡាទិច (Virgin Galactic) ក្នុងចំណោមនោះ ក៏មានតារាល្បីៗលំដាប់ពិភពលោកជាច្រើន ដូចជា Leonardo DiCaprio, Tom Hanks, Brad Pitt, Angelina Jolie, Russell Brand, Lady Gaga, Katy Perry, Justin Bieber, និង Ashton Kutcher ជាដើម។

តាមប្រភពបានឲ្យដឹងថា សំបុត្រធ្វើដំណើរទៅកាន់ទីអវកាស របស់ក្រុមហ៊ុនអវកាសអាមេរិក-អង់គ្លេស វើជីន ហ្គាឡាទិច (Virgin Galactic) គឺមានតម្លៃ ២៥ម៉ឺនដុល្លារ ក្នុងមួយសំបុត្រ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Virgin Galactic គឺលោកមហាសេដ្ឋី រីឆាដ ប្រ៊ែនសុន (Richard Branson) និងមនុស្ស ០៥នាក់ទៀត បានជិះយន្តហោះអវកាស VSS Unity ទៅកាន់ទីអវកាស ហើយចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាព ដែលបានធ្វើឲ្យពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Branson បានទៅដល់អវកាស មុនគូប្រជែង គឺ មហាសេដ្ឋីលំដាប់ពិភពលោក Jeff Bezos ដែលបានប្រកាសជាយូរមកហើយ ពីគម្រោងដែលគ្រោងនឹងទៅលេងកម្សាន្តនៅទីអវកាស ដោយជិះយានអវកាសរបស់ខ្លួនដូចគ្នា នៅថ្ងៃ ទី២០ ខែកក្កដា ខាងមុខនេះ៕