(មីឡេន)៖ Olivier Giroud បានទៅដល់ប្រទេសអ៉ីតាលីហើយ ដើម្បីចូលរួមជាមួយក្រុម AC Milan ក្នុងការពិនិត្យសុខភាព ដែលបានផ្ទេរពីក្លិបអង់គ្លេស តោខៀវ Chelsea បន្ទាប់ពីព្រមព្រៀងលើកកិច្ចសន្យា ២លានអឺរ៉ូកាលពីសប្តាហ៍មុន ខណៈនេះជាក្លិបទី៧ របស់បុរសសញ្ជាតិបារាំងបានចាប់អាជីពបាល់ទាត់បន្តទៀត។

ប្រភពពីគេហទំព័រព័ត៌មាន Goal បានឲ្យដឹងថា ខ្សែប្រយុទ្ធ Giroud បានព្រមព្រៀមលើកិច្ចសន្យា ២ឆ្នាំជាមួយ AC Milan ដែលស្ថិតក្នុងលីគ Serie A បន្ទាប់ពីចំណាយពេល ៩ឆ្នាំលេងនៅលីគ Premier League ជាមួយក្លិបកាំភ្លើងធំ Arsenal និង Chelsea ជាមួយនឹងការឈ្នះពាន UEFA Champions League និង UEFA Europa League ទៀតផង។

Giroud នឹងស្ថិតក្រោមការដឹកនាំរបស់លោក Stefano Pioli នៅក្លិប AC Milan ដែលបានបញ្ចប់ត្រឹមលេខ២ នារដូវកាលមុន ខណៈមិនសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូង ស្ថិតក្រោមការបង្វឹករបស់លោក Thomas Tuchel ដោយលេងបាន ១៧ប្រកួតប៉ុណ្ណោះនារដូវកាល ២០២០-២០២១ គ្រាដែលរូបគេបានបង្ហាញខ្លួននៅ Premier League សរុបទាំងពីក្លិប Arsenal រួមជាមួយ Chelsea បាន ៣៧២ប្រកួត និងរកបាន ១៤៤គ្រាប់៕