(ភ្នំពេញ)៖ ក្រុមហ៊ុន Westline Education Group នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានដាក់ដំណើរការប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេកវិទ្យា តាមបណ្តាញសាលារៀនទាំងអស់ រួមមាន ប្រព័ន្ធគ្រប់គ្រងសាលារៀន (School Management System – SMS), ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System – LMS) និងកម្មវិធីអេបរបស់សាលារៀនតាមទូរសព្ទ (Mobile School App)។
កម្មវិធីប្រកាសដាក់ឲ្យដំណើរការ បានធ្វើឡើងក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឧកញ៉ា ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុន Westline Education Group។
យោងតាមឯកសាជំនួយស្មារតីរបស់ Westline Education Group បានឲ្យដឹងថា៖
* ប្រព័ន្ធគ្រប់គ្រងសាលារៀន (SMS)៖
វាពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការទំនាក់ទំនងរវាងសាលារៀន និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងរវាងគ្រូបង្រៀន និងសិស្សានុសិស្ស ដែលវាជាផ្នែកមួយជួយបង្ហាញពីលទ្ធផលសិក្សារបស់សិស្សានុសិស្សនៅក្នុងប្រព័ន្ធអប់រំពេញលេញ។ នៅក្នុងប្រព័ន្ធគ្រប់គ្រងសាលារៀននោះ វាបង្ហាញពីការមានទំនាក់ទំនងនឹងគ្នាទាំងអស់ ដោយចាប់តាំងពី មុនចុះឈ្មោះការសិក្សា អំឡុងពេលចុះឈ្មោះសិក្សា ការចុះឈ្មោះសិក្សា និងដំណើរការនៃការសិក្សាក្នុងឆ្នាំសិក្សា។
ប្រព័ន្ធគ្រប់គ្រងនោះអាចត្រួតពិនិត្យ និងផ្សារភ្ជាប់ទៅនឹងសិស្សានុសិស្ស/អ្នកអាណាព្យាបាល ដែលពួកគាត់ចង់ចុះឈ្មោះសិក្សានៅសាលារៀនណាមួយ ជាមួយកម្មវិធីជាក់លាក់ណាដែលចង់សិក្សា។ តាមរយៈការសួរព័ត៌មាន សិស្សានុសិស្ស ឬអ្នកអាណាព្យាបាលសិស្សអាចទទួលបានព័ត៌មានត្រឹមត្រូវ និងការណាត់ជួបជាមួយសាលារៀន ដើម្បីស្វែងយល់បន្ថែមកាន់តែច្បាស់ពីកម្មវិធីសិក្សា តាមរយៈព័ត៌មានដែលមានស្រាប់ក្នុងប្រព័ន្ធនោះ។ ក្រោយពី ការមកទស្សនាដល់សាលារៀនផ្ទាល់ ឬពិគ្រោះយោបល់ជាមួយសាលារៀន សិស្សានុសិស្ស ឬអ្នកអាណាព្យាបាលសិស្សអាចធ្វើការសម្រេចចិត្តចុះឈ្មោះចូលរៀន តាមរយៈប្រព័ន្ធចុះឈ្មោះនេះ និងការធ្វើតេស្តមុនសិក្សាតាមអនឡាញ។ ក្រោយពីបញ្ចប់ការធ្វើតេស្ត សិស្សានុសិស្សអាចទទួលលទ្ធផលបណ្តោះអាសន្ន ហើយសាលារៀននឹងរៀបចំឲ្យត្រូវកម្រិត/ថ្នាក់រៀន តាមរយៈលទ្ធផលសម្ភាសន៍ជាក់ស្តែង។
បន្ថែមពីខាងលើនេះ ប្រព័ន្ធគ្រប់គ្រងសាលារៀនមានទិន្នន័យសិស្សានុសិស្ស ដែលវាជាផ្នែកមួយនៃទិន្នន័យវៃឆ្លាត ក្នុងការប្រតិបត្តិការ និងគោលបំណងនៃការបង្រៀនដល់សិស្សានុសិស្ស ដើម្បីសម្រួលការទំនាក់ ទំនងពីសាលារៀនទៅកាន់អ្នកអាណាព្យាបាលសិស្ស ទៅលើការសិក្សារបស់សិស្សានុសិស្ស។ គ្រូបង្រៀន អាចមានព័ត៌មានគ្រប់គ្រាន់ក្នុងការទាក់ទងទៅកាន់អ្នកអាណាព្យាបាលសិស្ស តាមរយៈប្រព័ន្ធទំនាក់ទំនង រួមមានការផ្ញើសារ ការស្នើសុំច្បាប់ ការដាក់កិច្ចការផ្ទះ ឬសកម្មភាពសិក្សា និងលទ្ធផលសិក្សាជាដើម។ ដូចនេះ មាតាបិតាសិស្ស អាចមើលឃើញលទ្ធផលសិក្សារបស់កូនៗពីប្រព័ន្ធគ្រប់គ្រងនេះ តាមរយៈកម្មវិធីប្រព័ន្ធបច្ចេកវិទ្យាសាលារៀន ព្រមទាំងពួកគាត់អាចជួយពង្រឹងបន្ថែមដល់បុត្រធីតាលើចំណុចខ្វះខាតនានា។
លើសពីនេះទៀត ប្រព័ន្ធគ្រប់គ្រងនេះអាចផ្ញើសារទៅកាន់មាតាបិតា ឬសិស្សានុសិស្ស រាល់ព័ត៌មានថ្មីៗ សេចក្តីជូនដំណឹង និងព្រឹត្តិការណ៍ផ្សេងៗពីសាលារៀន ដែលអាចជួយសម្រួលពេលវេលាសម្រាប់អ្នកអាណាព្យាបាលសិស្ស បើធៀបជាមួយនឹងមធ្យោបាយទំនាក់ទំនង តាមបែបប្រពៃណីពីសាលារៀនទៅអ្នកអាណាព្យាបាលសិស្ស និងទទួលព័ត៌មានត្រឡប់វិញពីអ្នកអាណាព្យាបាលសិស្ស ឬសិស្សានុសិស្ស។
ក្រៅពីប្រតិបត្តិការខាងលើនោះ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងនេះ វាអាចដំណើរការលើប្រតិបត្តិការផ្នែកហិរញ្ញវត្ថុក្នុងការសម្រួលដល់ការបង់ថ្លៃសិក្សា ពីអ្នកអាណាព្យាបាលសិស្ស។ បច្ចុប្បន្ននេះ ប្រព័ន្ធនេះអាចផ្តល់ការបង់លុយតាមអនឡាញ ដែលអ្នកអាណាព្យាបាលសិស្សអាចបង់ថ្លៃសិក្សា តាមរយៈ Visa Card, Master card ឬពីកម្មវិធី App របស់សាលារៀន និងធានាគារដៃគូមួយចំនួន។ បន្ទាប់មក សិស្សានុសិស្ស ឬអ្នកអាណាព្យាបាលសិស្សអាចដឹងច្បាស់ថាតើ ពួកគេបានបង់ថ្លៃសិក្សារួចហើយឬនៅ ដោយសាលារៀន ក៏បានផ្តល់ជាការលើកទឹកចិត្តចំពោះការបង់ថ្លៃសិក្សានោះ ដោយឲ្យជាតម្លៃពិន្ទុក្នុងកាត ឬកាបូបលុយ តាមរយៈធានាគារ ឬការផ្តល់ជារង្វាន់នានាពីសាលារៀន។
ចំពោះសន្តិសុខ និងសុវត្ថិភាពរបស់សិស្សានុសិស្ស វាគឺជាអទិភាពចម្បងនៅតាមទីតាំងនីមួយៗ តាមរយៈការផ្តល់នូវភាពវៃឆ្លាតក្នុងបរិវេណសាលារៀន ដោយសិស្សានុសិស្សមានច្រកទ្វារវៃឆ្លាតក្នុងការត្រួត ពិនិត្យវត្តមានចេញចូលរបស់គេ។ ប្រព័ន្ធគ្រប់គ្រងនេះអាចតាមដាន និងកត់ត្រាការចេញរបស់សិស្ស ដោយត្រឹមត្រូវជាមួយនឹងប្រព័ន្ធនៃការមកទទួលយករបស់អ្នកអាណាព្យាបាលសិស្ស ដែលប្រព័ន្ធនេះមិន អនុញ្ញាត្តឲ្យសិស្សានុសិស្សចាកចេញពីសាលា ដោយមិនមានការផ្ទៀងផ្ទាត់ ជាក់លាក់សម្រាប់ការមកទទួល គឺមានតែមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សតែប៉ុណ្ណោះអាចមកទទួល សិស្សចេញពីសាលារៀនបាន។
សាលារៀនក៏យកចិត្តទុកដាក់លើសុខភាពសិស្ស ដោយភ្ជាប់ទៅនឹងរបាយការណ៍នៃការបរិភោគប្រចាំថ្ងៃ។ ប្រព័ន្ធនេះគ្រប់គ្រង លើការទិញអាហាររបស់សិស្សម្នាក់ៗ នៅអាហារដ្ឋាន ដោយផ្តល់ព័ត៌មានទៅមាតាបិតា ដើម្បីជួយតាមដានលើអាហារអ្វីដែលកូនៗគួរហូប ឬមិនគួរហូប ព្រមជាមួយការគ្រប់គ្រងលើការហាមឃាត់ និងការការពារអាហារណាដែលមិនល្អ ឬមានប្រតិកម្មចំពោះសិស្ស។ នៅសាលារៀនយើងក៏មានសេវា សង្គ្រោះបឋម ដែលយើងអាចជួយត្រួតពិនិត្យ និងតាមដានសុខភាពសិស្សម្នាក់ៗ និងផ្តល់ការសង្គ្រោះ បឋមចំពោះបញ្ហាដែលបានកើតឡើង ព្រមជាមួយនឹងការតាមដានសុខភាព សិស្សជារៀងរាល់ខែផងដែរ។
* ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS)៖
វាភ្ជាប់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀននេះ ដែលផ្តោតជាចម្បង លើផ្នែកសិក្សាធិការសម្រាប់ការបង្រៀន និងរៀន ដោយសិស្សានុសិស្សអាចសិក្សាខ្លឹមសារមេរៀននៅក្នុងវេទិការបស់ប្រព័ន្ធនេះ ហើយគ្រូបង្រៀនអាចមានទំនាក់ទំនង និងបង្រៀនសិស្សានុសិស្សដោយផ្ទាល់ជាមួយធនធាន បង្រៀនយ៉ាងច្រើនសំបូរបែបនៅក្នុងមជ្ឈមណ្ឌលធនធានដែលបានរក្សាទុក។
ជាមួយនឹងប្រព័ន្ធគ្រប់គ្រងការសិក្សានេះ សិស្សានុសិស្សអាចទទួលព័ត៌មាននានា ពីគ្រូបង្រៀនតាមមុខវិជ្ជា ដូចជា ការដាក់កិច្ចការផ្ទះ កិច្ចការស្រាវជ្រាវ ឬការធ្វើគម្រោងនានា សេចក្តីជូនដំណឹងពីការប្រឡងផ្សេងៗ ដូចជាសំណួរខ្លី ការប្រឡង ប្រចាំខែ ប្រចាំវគ្គសិក្សា ឬប្រចាំឆមាស និងការប្រឡងបញ្ចប់នានា។ សិស្សានុសិស្ស អាចធ្វើការសិក្សាមេរៀនសង្ខេបនីមួយៗ ឬមើលវីដេអូមុនរៀនមេរៀន ព្រមជាមួយការផ្ញើ កិច្ចការត្រឡប់វិញទៅកាន់គ្រូបង្រៀនតាមកាលបរិច្ឆេទកំណត់នីមួយៗ ការមើលពិន្ទុ និងរបាយការណ៍ សិក្សារបស់សិស្សម្នាក់ៗ និងអាចធ្វើតេស្តវាស់ស្ទង់សមត្ថភាពតាមមេរៀននីមួយៗ និងការសិក្សាបន្ថែមទៀតលើចំណុចណាដែលខ្លួននៅមានការខ្វះខាត។
ដោយឡែក គ្រូបង្រៀនអាចផ្ញើ ឬដាក់កិច្ចការផ្ទះ មេរៀនសង្ខេប ឬវីដែអូមេរៀន កែកិច្ចការសិស្សដែលបាន ប្រគល់មកវិញ មើលពីរបាយការណ៍ការងារសិស្សម្នាក់ៗ ឬសិស្សទាំងអស់ក្នុងថ្នាក់នីមួយៗ តាមដាន ការសិក្សារបស់សិស្សម្នាក់ៗ បូកស្រង់ពិន្ទុ និងរៀបចំតារាងពិន្ទុប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ។
* កម្មវិធី Mobile School App៖
វាមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សាលារៀន មាតាបិតា និងសិស្សានុសិស្ស ដោយផ្តល់ជូននូវវិធីច្នៃប្រឌិដ្ឋថ្មីៗ ដើម្បីទំនាក់ទំនង ជួយពួកគេក្នុងការសិក្សា និងផ្តល់ឲ្យពួកគេនូវព័ត៌មាន និងបច្ចុប្បន្នភាព។ តាមរយៈកម្មវិធី Mobile School App ផ្តល់ការចូលរួមរវាងសិស្ស គ្រូបង្រៀន និងមាតាបិតាសិស្ស និងអាចឲ្យអ្នកភ្ជាប់ជាមួយសាលារៀន តាមរយៈទូរសព្ទដៃឆ្លាតវៃរបស់អ្នក។ ការភ្ជាប់ Mobile School App តាមរយៈទូរសព្ទឆ្លាតវៃរបស់លោកអ្នក មានន័យថា អ្នកអាចប្រាកដថា វានឹងមិនខកខានព័ត៌មានសំខាន់ណាមួយឡើយ។ ក្រៅពីនេះ កម្មវិធីនេះផ្តល់ជូននូវប្រធានបទជាច្រើនដែលត្រូវបានបង្ហាញ និងមានសារៈប្រយោជន៍សម្រាប់មាតាបិតាសិស្ស និងសិស្សានុសិស្ស។ ការភ្ជាប់ទំនាក់ទំនងតាមរយៈកម្មវិធី Mobile School App លើទូរសព្ទដៃឆ្លាតវៃ គឺជាជម្រើសដ៏ល្អមួយដែលអ្នកសមនឹងទទួលបាន។
ដូច្នេះ ចូរស្វែងយល់ពីវិធីដែលកម្មវិធី Mobile School App អាចជួយដល់លោកអ្នកមានដូចជា ៖
១៖ ផ្តល់ជូននូវព័ត៌មានបច្ចុប្បន្នភាព៖ កម្មវិធីដំណើរការបានល្អក្នុងការចែកចាយព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗ ដែលកើតឡើងនៅក្នុងសាលា ដូច្នេះកាត់បន្ថយបញ្ហាដែលត្រូវប្រកាសអំពីការធ្វើបច្ចុប្បន្នភាពជាលក្ខណៈបុគ្គល។ កម្មវិធី Mobile School App ជាឧបករណ៍ផ្ទុកដ៏ល្អបំផុត នៅពេលដែលអ្នកត្រូវធ្វើសេចក្តីប្រកាសទាក់ទងនឹងវគ្គសិក្សា ពេលវេលា កាលវិភាគ និងគោលនយោបាយរបស់សាលារៀន។ កម្មវិធីផ្តល់នូវព័ត៌មានសំខាន់ៗដែលជួយមាតាបិតាធ្វើបច្ចុប្បន្នភាព។
២៖ ជំរុញការសិក្សារបស់សិស្សានុសិស្ស និងការចូលរួមពីមាតាបិតា៖ កម្មវិធី Mobile School App អាចត្រូវបានប្រើ ដើម្បីផ្តល់ជូនឧបករណ៍ប្រើប្រាស់ និងភ្ជាប់ទំនាក់ទំនងរវាង មនុស្សទៅនឹងព័ត៌មានដែលសំខាន់បំផុតនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈ Mobile School App ព័ត៌មានសំខាន់ៗនឹងទៅដល់ទាំងសិស្សានុសិស្ស និងមាតាបិតា ដោយមានទាំងព័ត៌មានថ្មីៗទើបកើតឡើង និងសកម្មភាពសិក្សាបន្ថែម ថែមទាំងមានប្រតិទិនសិក្សា វគ្គសិក្សាតាមកម្មវិធីសិក្សានីមួយៗ និងកំណត់ចំណាំផ្សេងៗ ជាពិសេសគឺលទ្ធផលសិក្សារបស់បុត្រធីតា។ កម្មវិធីនេះក៏ផ្តល់ព័ត៌មានបន្ថែម ដូចជា ការចែករំលែកបញ្ជីអាហារប្រចាំថ្ងៃ ការគ្រប់គ្រងចំណីអាហាររបស់សិស្ស ការកំណត់ការទទួលទានចំណីអាហាររបស់បុត្រធីតាផងដែរ ព្រមទាំងទទួលបាននូវរបាយការណ៍ស្តីពីការចាយវាយប្រាក់នៅកន្លែងអាហារដ្ឋានរបស់បុត្រធីតាផងដែរ។
កម្មវិធី Mobile School App ដំណើរការស្របគ្នាជាមួយនឹងប្រព័ន្ធព័ត៌មានសិស្សដែលមានស្រាប់ ដូចជា កំណត់ត្រាវត្តមានប្រចាំថ្ងៃ និងមតិយោបល់របស់គ្រូបង្រៀន ព្រមទាំងវិធីសាស្ត្រក្នុងការបញ្ជូនព័ត៌មានអំពីស្ថានភាពរបស់បុត្រធីតាមកកាន់សាលារៀនវិញ។ ដូច្នេះ វាផ្តល់ជូនសិស្ស និងមាតាបិតានូវរបាយការណ៍វឌ្ឍនភាពជាក់ស្តែង។
៣៖ ជំរុញការទំនាក់ទំនង៖ ជាធម្មតា អ្នកអាណាព្យាបាលសិស្សត្រូវទៅសាលារៀនរបស់កូនៗ ដើម្បីតាមដានការរីកចម្រើនរបស់ពួកគេ។ ទោះជាយ៉ាងណា មាតាបិតាជាញឹកញាប់ គឺជួបការលំបាក ដោយសារតែមិនមានពេលវេលា និងមានភាពរវល់ច្រើន។ ពេលខ្លះមាតាបិតាជារឿយៗ ខកខានមិនបានមកជួបពិភាក្សាជាមួយនឹងគ្រូបង្រៀន ឬសាលារៀនធ្វើឲ្យពិបាកសម្រាប់ ការផ្តោតអារម្មណ៍ទៅលើការលូតលាស់ និងការសិក្សារបស់កូនៗ។ ទោះយ៉ាងណា ក៏ដោយ ជាមួយកម្មវិធី Mobile School App មាតាបិតាអាចទំនាក់ទំនងជាមួយសាលារៀនរបស់កូនៗបានពីព័ត៌មានទាំងនោះ។ Mobile School App អនុញ្ញាតឲ្យមាតាបិតាមានការពិភាក្សាគ្នាពីមួយទៅមួយជាមួយគ្រូបង្រៀនរបស់បុត្រធីតា ឬជាមួយសាលារៀន។
៤៖ ផ្តល់ជូននូវធនធានល្អៗសម្រាប់អភិវឌ្ឍភាពជាមាតាបិតា៖ ជាមួយនឹង Mobile School App មាតាបិតាអាចចូលទៅប្រើប្រាស់ធនធានសម្រាប់មាតាបិតាដែលមាន មាតិកាល្អៗក្នុងការចែករំលែកសម្រាប់មាតាបិតា អាចធ្វើការអភិវឌ្ឍអាជីពការងារ ឬអាជីវកម្មផ្ទាល់ខ្លួន និងភាពជាមាតាបិតា តាមរយៈឯកសារជំនួយ និងវីដេអូអប់រំល្អៗ។
សរុបជារួម ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យអប់រំ អាចដំណើរការទៅបានដោយរលូន គឺត្រូវការជាចាំបាច់ក្នុងការដាក់បញ្ចូលគ្នាពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រងការសិក្សា និងកម្មវិធីអេបតាមទូរសព្ទ (Mobile School App)។ ជាងនេះទៅទៀត វេសឡាញ អេឌ្យូខេសិន គ្រុបនឹងដាក់ឲ្យដំណើរការការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះទាំងនៅក្នុងទូរសព្ធដៃឆ្លាតវៃ និងតាមរយៈកំព្យូទ័រផងដែរ៕