(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានណែនាំចំនួន៥ចំណុច ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្រោយមានភាពមិនប្រក្រតីលើការវិនិច្ឆ័យលទ្ធផលនៃការប្រកួតកីឡាប្រដាល់គុនខ្មែរ វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គោជល់ កាលពីសប្តាហ៍មុន។
តាមរយៈលិខិតរបស់ខ្លួន ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ខ្លួនបានពិនិត្យតាមដាន និងយល់ឃើញថា ការវិនិច្ឆ័យការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់គោជល់ ប្រភេទទម្ងន់៦០គីឡូក្រាម រវាងកីឡាករ ឃឹម បូរ៉ា និងកីឡាករ ម៉ឺន មេឃា នាយប់ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០:០០នាទី នៅស្ថានីយទូរទស្សន៍ CNC មានភាពមិនប្រក្រតីដោយមិនបានអនុវត្តតាមបទបញ្ជានៃការប្រកួតក្បួនច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈកីឡា។
ជាមួយនឹងបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការណែនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដូចតទៅ៖
១៖ ត្រូវបែងចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់រវាងសហព័ន្ធ និងស្ថានីយទូរទស្សន៍ដៃគូឧបត្ថម្ភ ដើម្បីអនុវត្តការងារឱ្យមានការទទួលខុសត្រូវច្បាស់លាស់។
២៖ ពង្រឹងវិន័យ និងការអនុវត្តបទបញ្ជានៃការប្រកួតឱ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ តាមក្បួនច្បាប់ មានតម្លាភាព និងយុត្តិធម៌។
៣៖ អភិវឌ្ឍសមត្ថមភាពមន្ត្រី អាជ្ញាកណ្តាល ចៅក្រម និងស្នងការប្រកួតឱ្យមានសមត្ថភាពជំនាញ មនសិកា ក្រមសីលធម៌វិជ្ជាជីវៈ និងគុណតម្លៃកីឡា។
៤៖ ដាក់ពិន័យដល់មន្ត្រីដែលប្រព្រឹត្តខុសឆ្គងតាមទោសកំហុស ដែលបានប្រព្រឹត្ត និងលើកទឹកចិត្ត ដល់មន្ត្រីដែលអនុវត្តការងារបានល្អ និងមានស្នាដៃជាគំរូ ។
៥៖ ករណីបញ្ហានេះកើតឡើងបន្តទៀត ក្រសួងអប់រំ យុវជន និងកីឡានឹងផ្អាកការគាំទ្រថវិកាទាំងស្រុង និងលុបប្រកាសស្តីពី ការអនុញ្ញាតឱ្យគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរបំពេញ ភារកិច្ចចេញពីបញ្ជីសហព័ន្ធកីឡាជាតិ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា៖