(អ៉ីតាលី)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Felipe Anderson បានចូលរួមជាថ្មីម្តងទៀត ជាមួយក្លិប Lazio ដោយផ្ទេរមកពីក្លិប West Ham United លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍, នេះបើតាមការបញ្ជាក់ពីក្លិប លេងនៅលីគ Permier League នាថ្ងៃសុក្រនេះ, ខណៈកីឡាកររូបនេះ បានវិលត្រឡប់មកចូលរួមជាមួយក្លិប លេងនៅលីគ Serie A នេះវិញ ក្រោយចាកចេញបាន៣ឆ្នាំ, នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

Anderson បានចុះកិច្ចសន្យា លេងនៅក្លិប West Ham ក្នុងឆ្នាំ២០១៨ ជាមួយតម្លៃខ្លួន៣៥លានផោន (៤៨លានដុល្លារអាមេរិក) និងបានស៊ុតបាល់បញ្ចូលទី១២គ្រាប់ នៅក្នុងការបង្ហាញខ្លួន៧៣ប្រកួត គ្រប់ការប្រកួតទាំងអស់របស់ក្លិប។

កីឡាករវ័យ២៨ឆ្នាំរូបនេះ បានចំណាយពេលវេលា កាលពីរដូវកាលមុន លេងក្នុងលក្ខខណ្ឌកម្ចីជើង នៅឯក្លិប Porto ជាកន្លែងដែលលោកបានបង្ហាញខ្លួន តែ១០ដងប៉ុណ្ណោះ នៅក្នុងការប្រកួតទាំងអស់។

គួររំលឹកថា Anderson បានចំណាយពេល៥រដូវកាល លេងឲ្យក្លិប Lazio ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨៕