(នីយ៉ុង)៖ UEFA បានចេញសេចក្តីប្រកាសហើយថា សម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីគអឺរ៉ុប Champions League រដូវកាល ២០២១-២០២២ នឹងធ្វើឡើងនៅប្រទេសរុស្ស៊ី គ្រាដែលផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ Europa League វិញ នឹងធ្វើនៅប្រទេសអេស្ប៉ាញ។

យ៉ាងណាមិញ សម្រាប់ទីក្រុង Istanbul របស់ប្រទេសតួកគីដែលខកខាន ២សម័យកាលជាប់គ្នាក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារមេរោគ COVID-19 នោះ នឹងទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រវិញនៅឆ្នាំ២០២៣ សម្រាប់ការប្រកួតធំ UEFA Champions League នៅពេលដែលទីក្រុង Budapest របស់ប្រទេសហុងគ្រីវិញ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះពាន Europa League។

ចំណែកឯកផ្តាច់ព្រ័ត្រ ២សម័យកាលទៅមុខទៀតក៏ត្រូវបានសហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ប្រកាសរួចរាល់ហើយដែរដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះថា ផ្តាច់ព្រ័ត្រ UCL ឆ្នាំ២០២៤ នឹងធ្វើនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេសជាទីដែលទើបធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020 ទាំងវគ្គ ៤ក្រុម និងវគ្គផ្តាច់ព្រ័ត្ររួចមក និងផ្តាច់ព្រ័ត្រពាន Europa League នឹងធ្វើនៅទីក្រុង Dublin ប្រទេសសាធារណរដ្ឋអៀរឡង់។

ដូចគ្នានោះដែរ សម្រាប់ផ្តាច់ព្រ័ត្រ UCL ឆ្នាំ២០២៥ នឹងធ្វើនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងផ្តាច់ព្រ័ត្រពាន Europa League នឹងធ្វើនៅទីក្រុង Bilbao ប្រទេសអេស្ប៉ាញ។

តោខៀវ Chelsea ជាម្ចាស់ជើងឯកពាន Champions League ឆ្នាំ២០២១ នៅពេលផ្តួលក្រុមមកពីអង់គ្លេសដូចគ្នា Manchester City ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៅឯកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Porto ប្រទេសព័រទុយហ្គាល់ នៅពេល Villarreal ជាម្ចាស់ជើងឯកពានទី២ អឺរ៉ុប Europa League នៅពេលយកឈ្នះ Manchester United៕