(ក្រុងឡុងដ៍)៖ លោក Nuno Espirito Santo បានថ្លែងបញ្ជាក់ប្រាប់ BBC ថា កីឡាករ Harry Kane នឹងមិនត្រូវបានលក់ចេញឡើយនៅរដូវក្តៅនេះ ដ្បិតរូបគេជាខ្សែប្រយុទ្ធ ១រូបដែលមិនអាចខ្វះបាន តែមិនបន្តកិច្ចសន្យាថ្មីជាមួយ Gareth Bale ឡើយ។
លោក Nuno នឹងនិយាយជាមួយកីឡាករវ័យ ២៧ឆ្នាំ Kane ផ្ទាល់តែម្តងនៅពេលរូបគេត្រឡប់មកពីវិស្សមកាលវិញ ក្រោយជួយអង់គ្លេសឡើងដល់វគ្គផ្តាច់ព្រ័ត្រ ទោះចាញ់អាសូរីអ៉ីតាលី ក្នុងការដណ្តើមពានជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 ក៏ដោយ។
លោក Nuno បានថ្លែងថា «បច្ចុប្បន្ន Kane កំពុងសម្រាកព្យាបាលរបួស និងលំហែកាយ។ គាត់គឺជាកីឡាកររបស់យើង និងសង្ឃឹមថា គាត់នឹងបន្តចូលរួមជាមួយក្រុមទៀតមិនខាន ក៏ព្រោះតែលោកជាកីឡាករសំខាន់សម្រាប់ក្លិប និងចង់ឲ្យគាត់នៅបន្តទៀតផង»។
នៅពេលដែលអ្នកសារព័ត៌មានសួរអំពីរឿង Gareth Bale វិញ លោក Nuno បានថ្លែងយ៉ាងខ្លីថា គាត់ប្រហែលជាមិនត្រឡប់មកវិញទេ ក្រោយចប់កិច្ចសន្យាខ្ចីជើង ១រដូវកាលនៅ Premier League ជាមួយ Tottenham Hotspur ដែលមិនស្ថិតក្នុងក្រុមរបស់លោកឡើយចំពោះកីឡាករ័យ ៣២ឆ្នាំ Bale ដែលត្រូវត្រឡប់ទៅក្លិបចាស់ Real Madrid វិញ៕