(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កូរ៉េខាងត្បូង Samsung Electronics បានស្នើសុំតាមផ្លូវច្បាប់ក្នុងការបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយទៀតរបស់ខ្លួននៅក្នុងរដ្ឋតិចសាស់ ដែលមានតម្លៃ ១៧ពាន់លានដុល្លារអេរិក ខណៈដែលបច្ចុប្បន្នមានរោងចក្រមួយរួចទៅហើយនៅក្នុងរដ្ឋអូស្ទីន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។
យោងតាមឯកសារផ្លូវការដែលបានចេញផ្សាយជាសាធារណៈបានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Samsung កំពុងពិចារណាទៅលើទីតាំង មួយ ក្នុងតំបន់ Williamson County ក្នុងរដ្ឋតិចសាស់ ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបមួយដែលមានតម្លៃជាង ១៧ពាន់លានដុល្លារ អាមេរិក និងផ្ដល់ឱកាសការងារថ្មីរហូតដល់ ១៨០០នាក់។
នៅក្នុងឯកសារដែលបានចេញផ្សាយជាសាធារណៈក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung កំពុងតែរត់ការលើផ្នែកបង់ពន្ធ ដោយ តាម ការបញ្ជាក់គឺនឹងត្រូវបង់ក្នុងរង្វង់ប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក សម្រាប់រយៈពេល ១០ឆ្នាំ ខណៈដែល Samsung គ្រោងនឹង ចាប់ផ្ដើមដំណើរការផលិតបន្ទះឈីបនៅចុងឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា វិបត្តិកង្វះបន្ទះឈីបបានធ្វើឱ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងរថយន្តជាច្រើននៅលើពិភពលោកបាន ជួប បញ្ហា ហេតុនេះហើយទើបក្រុមហ៊ុនជាច្រើនបាននាំគ្នាសម្រុកទៅបង្កើតរោងចក្រនៅលើទឹកដីអាមេរិក ព្រោះវាមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ និងដឹកជញ្ជូន៕