(អាមេរិក)៖ តារាសម្តែងល្បីឈ្មោះរបស់អាមេរិក Ashton Kutcher ត្រូវបានគេដឹងថា ជាបុគ្គលល្បីម្នាក់ ក្នុងចំណោមតារាល្បីៗរបស់អាមេរិកជាច្រើនរូបទៀត ដែលបានកក់សំបុត្រ សម្រាប់ការធ្វើដំណើរកំសាន្តទៅកាន់ទីអវកាស នាពេលឆាប់ៗខាងមុខ តាមរយៈក្រុមហ៊ុនអវកាសអាមេរិក-អង់គ្លេស វើជីន ហ្គាឡាទិច (Virgin Galactic) របស់មហាសេដ្ឋីអង់គ្លេស លោក Richard Branson។ យ៉ាងណាមិញ នៅពេលនេះ លោក Ashton Kutcher ស្រាប់តែប្រកាសលុបគម្រោងនេះទៅវិញ ដោយសារតែមានការហាមឃាតពីភរិយា។

បើតាមការចេញផ្សាយដោយសារសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពី១០ឆ្នាំមុន តារាសម្តែង Ashton Kutcher មានគម្រោង ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់ ដែលបានទៅកំសាន្តទៅទីអវកាសដំបូងគេ តាមរយៈក្រុមហ៊ុន Virgin Galactic ប៉ុន្តែនៅពេលនេះ គំនិតរបស់លោកបានផ្លាស់ប្តូរ ដោយសារតែលោកមានកូនតូចៗ និងមានភរិយាជាទីស្រឡាញ់។

តាមរយៈចូលរួមក្នុងកិច្ចសម្ភាសន៍មួយ នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ តារាសម្តែងក្នុងរឿង «Two And A Half Men » លោក Ashton Kutcher បានឲ្យដឹងថា លោកបានរៀបការ និងបច្ចុប្បន្នមានកូនតូចៗ ហើយប្រពន្ធរបស់លោកមិនលើកទឹកចិត្តឲ្យលោកធ្វើដំណើរកំសាន្តទៅកាន់ទីអវកាសនោះទេ ទើបនៅពេលនេះលោកបានសម្រេចចិត្តលក់សំបុត្ររបស់លោកទៅឲ្យអ្នកផ្សេង។ លោក និយាយថា «តាមពិតខ្ញុំក៏ត្រូវធ្វើដំណើរឡើងទៅទីអវកាសក្នុងសប្តាហ៍នេះដែរ ប៉ុន្តែខ្ញុំបានសម្រេចមិនទៅវិញ»

គួរជម្រាបថា តារាសម្តែង Ashton Kutcher កាលពីឆ្នាំ២០១២ បានក្លាយជាមនុស្សទី៥០០ ដែលបានទិញសំបុត្រ សម្រាប់ធ្វើដំណើរទេចរណ៍ទៅកាន់ទីអវកាស តាមរយៈក្រុមហ៊ុន Virgin Galactic។ ក្នុងឆ្នាំ ២០១៥ លោកបានរៀបការ និងបច្ចុប្បន្នមានកូន២នាក់។ ទោះគម្រោងរបស់លោកនៅពេលនេះ ត្រូវបានលុបចោល តែតារាប្រុសរូបនេះ បានសង្កត់ធ្ងន់ថា លោកមិនបោះបង់ក្តីស្រមៃ ក្នុងការកំសាន្តនៅទីអវកាសឡើយ ថ្ងៃណាមួយលោកនឹងបានទៅ៕