(ភ្នំពេញ)៖ ក្រុមហ៊ុនម៉េកស៍ អាយខន ម.ក បានចុះហត្ថលេខានៃការវិនិយោគជាមួយក្រុមហ៊ុន បាយអូត្រាស់ ដាយណូស្ទីក ឯ.ក លើមន្ទីរពិសោធន៍វេជ្ជសាស្រ្តទំនើប។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
ក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក ជាក្រុមហ៊ុនវិនិយោគដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ ដែលបានវិនិយោគលើគ្លីនិកទន្តសាស្រ្ត។ គ្លីនិកទន្តសាស្រ្ត យ័រដាន ផេត្រា ដែលមានទីតាំងស្ថិតនៅអគារលេខ៥៨ ផ្លូវ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បំរើសេវាទន្តសាស្រ្តតាំងពីឆ្នាំ២០១៨។
គ្លីនិកទន្តសាស្រ្ត យ័រដាន ផេត្រា ផ្តល់សេវាទន្តសាស្រ្តគុណភាពស្តង់ដារអន្តរជាតិ ISO 9001-2015 តែមួយគត់ក្នុងប្រទេសកម្ពុជា និងបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗចុងក្រោយ។ លើសពីនេះទៀត គ្លីនិកទន្តសាស្រ្ត យ័រដាន ផេត្រា មានទន្តបណ្ឌិតជំនាញល្បីៗ ដែលទទួលការសិក្សាទាំងក្នុងប្រទេស និងក្រៅប្រទេសដូចជា Harvard School of Dental Medicine និងមានឯកទេសខាងការដាំបង្គោលធ្មេញ ពត់តម្រង់ធ្មេញ និងការវះកាត់ក្នុងមាត់។
ក្រុមហ៊ុន បាយអូត្រាស់ ដាយណូស្ទីក ឯ.ក ដែលពីមុនមានឈ្មោះថា មន្ទីរពិសោធន៍វេជ្ជសាស្ត្រដុកទ័រឡាប បានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយសហស្ថាបនិក វេជ្ជបណ្ឌិត ហូ មករា។ មន្ទីរពិសោធន៍បាយអូត្រាស់ ផ្តល់ជូនតេស្តច្រើនប្រភេទ ចាប់ពីកញ្ចប់ពិនិត្យសុខភាពមូលដ្ឋាន រហូតដល់ប្រភេទតេស្តពិសេសផ្សេងទៀតៗ។
ក្នុងនាមជាមន្ទីរពិសោធន៍ដៃគូ ដែលគួរឱ្យទុកចិត្តបម្រើសេវាកម្មដល់អតិថិនជនទូទៅ ក្រុមហ៊ុន និងគ្លីនិក មន្ទីរពិសោធន៍បាយអូត្រាស់ផ្តល់សេវាកម្ម ដែលមានគុណភាពខ្ពស់ ត្រឹមត្រូវ និងទាន់ពេលវេលាក្នុងតម្លៃសមរម្យដោយមានការគាំទ្រពីក្រុមការងារដែលទទួលបានការបណ្តុះបណ្តាលតាមវិជ្ជាជីវៈត្រឹមត្រូវ។
គោលបំណងសំខាន់នៃការវិនិយោគយុទ្ធសាស្ត្រនេះ រវាងក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក និង ក្រុមហ៊ុន បាយអូត្រាស់ ដាយណូស្ទីក ឯ.ក គឺដើម្បីសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្រ្តទំនើប និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដើម្បីឱ្យអតិថិជនទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ងាយស្រួល និងទទួលបានលទ្ធផលមពិសោធន៍ទាន់ពេលវេលា។ យើងសង្ឃឹមថាប្រជាជនកម្ពុជានឹងអាចទទួលការព្យាបាលទាន់ពេល និងរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ៕