(ភ្នំពេញ)៖ កាលពីថ្មីៗកន្លងទៅនេះ អ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra បានប្រកាសចង់ជួបជើងខ្លាំងកម្ពុជា ចាន់ រតនា ដើម្បីសាកថ្វីដៃ និងសងសឹកឲ្យមិត្តរួមជាតិរបស់ខ្លួន ២រូបដែលធ្លាប់បរាជ័យក្រោមកណ្ដាប់ដៃអ្នកលេងគុនចម្រុះកម្ពុជា ហើយ រតនា បានបើកភ្លើងខៀវស្វាគមន៍ដោយក្ដីរីករាយផងដែរ ប៉ុន្ដែអ្វីដែលរូបគេចង់ជួបបំផុតនោះ គឺការសងសឹកកីឡាករចិន ២រូបដែលខ្លួនធ្លាប់ចាញ់ទាំងមិនអស់ចិត្ត។

ជើងខ្លាំងគុនខ្មែរវ័យ ៣៥ឆ្នាំខាងលើបានបញ្ជាក់ថា ខ្លួននឹងស្វាគមន៍ជានិច្ច ប្រសិនបើស្ថាប័ន ONE រៀបចំតាមសំណូមពរកីឡាករ Eko Roni ហើយខ្លួនប្ដេជ្ញានឹងធ្វើឲ្យបានល្អ ដើម្បីរក្សាកំណត់ត្រាឈ្នះលើកីឡាករឥណ្ឌូនេស៊ីឲ្យខានតែបាន។ ប៉ុន្ដែបើនិយាយពីដៃគូ ដែលខ្លួនចង់ជួបបំផុត មិនមែនកីឡាករ Eko Roni នោះទេ គឺជាកីឡាករចិន ២រូបដែលធ្លាប់ធ្វើឲ្យខ្លួនបរាជ័យ ទាំងមិនអស់ចិត្ត គឺកីឡាករ Haobin Ma និងកីឡាករ Wei Xie។

ចាន់ រតនា បាននិយាយថា «ខ្ញុំចិញ្ចឹមចិត្តចង់ប្រកួតជាមួយកីឡាករចិន ២នាក់ជាយូរមកហើយ គឺកីឡាករ Haobin Ma និង Wei Xie ពីព្រោះខ្ញុំចាញ់ពួកគេមិនអស់ចិត្តសោះ»។ រតនា បន្ដថា «កាលពីឆ្នាំ២០១៦ នៅម៉ាកាវ ខ្ញុំចាញ់ពិន្ទុ Haobin តែពេលនោះខ្ញុំចាញ់ទាំងមិនអស់ចិត្ត ព្រោះខ្ញុំធ្វើបានល្អដែរ។ ម្យ៉ាងទៀត ខ្ញុំកាលណោះ សមត្ថភាពមិនសូវឈានដល់កម្រិតដូចឥឡូវទេ...។ បើនិយាយពី Wei Xie រឹតតែសោកស្តាយខ្លាំង។ ខ្ញុំមានប្រៀបហើយ ២ទឹកដំបូង តែទឹក៣ ខ្ញុំធ្វេសប្រហែសតែបន្តិច អ្វីៗប្រែប្រួលទាំងស្រុង»

យ៉ាងណាមិញ ទោះបីជួបកីឡាកររូបណាក៏ដោយ មិនថាកីឡាករឥណ្ឌូនេស៊ី Eko Roni ឬកីឡាករចិននោះទេ ម្ចាស់ក្លិបសិល្បៈ លោក ចាន់ រតនា បានអះអាងថា ពេញចិត្តទទួលយកការប្រកួតទាំងអស់ ព្រោះរូបគេមិនចង់ឃ្លាតពីសង្វៀនប្រកួតយូរពេកទេ។ ម្យ៉ាងបើសិនបានជួបកីឡាករ Eko Roni មែន គោលដៅ រតនា ក៏មិនខុសពីកីឡាករឥណ្ឌូនេស៊ីរូបនេះដែរ ដោយ រតនា ចង់សងសឹកឲ្យមិត្តរួមជាតិខ្លួនដូចគ្នា គឺកីឡាករ ខុន ស៊ីចាន់ ដែលធ្លាប់ប្រកួតចាញ់ Eko Roni ក្នុងទឹកទី១ កាលពីដើមឆ្នាំ២០២០ កន្លងទៅ៕