(ប៊ូណូសអារីស)៖ Ezequiel Garay ដែលជាអតីតខ្សែការពារក្លិប Real Madrid បានចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅពេលដែលបញ្ហាសរីរាង្គកាយជាទម្ងន់ ត្រឹមវ័យ ៣៤ឆ្នាំដែលធ្លាប់លេងឲ្យក្លិប Real Madrid នៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ នឹងបានលេងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឆ្នាំ២០០៣ ដល់ឆ្នាំ២០១៥ ទាំងកម្រិតយុវជន និងឈុតធំ។

លោក Garay បានលើកឡើងថា «លោកមានជំងឺត្រគាកនេះរយៈពេល ៣ឆ្នាំមកហើយ ដោយបានទ្រុឌទ្រោម ជាខ្លាំង ខណៈវាបានបណ្តាលឲ្យឆ្អឹងបាក់ និងមិនអាចដើររួចថែមទៀងផង» ដោយក្នុងរយៈពេលកន្លងមកនេះ លោកបានព្យាយាមស្វែងរកដំណោះស្រាយ ចំពោះបញ្ហានេះដែរ។

លោកធ្លាប់រួមដំណើរជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន រងជើងឯកពាន FIFA World Cup 2014 និង ពានប្រចាំតំបន់ Copa America 2015។

សូមរំលឹកផងថា Garay បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅក្លិបក្នុងស្រុក Newell’s Old Boys នៅឆ្នាំ២០០៤ និងបន្តផ្ទេរមកកាន់ក្លិប Racing Santander, Real Madrid, Benfica, Zenit Saint Petersburg និងចុងក្រោយក្លិប Valencia 2016-2020 ដោយបានលេងឲ្យក្រុមជម្រើសជាតិបាន ៤៧ប្រកួត ហើយក៏ធ្លាប់ឈ្នះពាន Copa De Rey ២លើក ក៏ដូចជាពានលីគ Russian-Premier League 2014៕