(ព្រះវិហារ)៖ ធនាគារ វឌ្ឍនៈ បានបើកដំណើរការសាខាខេត្តព្រះវិហារ ដែលជាសាខាទី២៦ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះវិហារ មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់៩ជាន់ ស្ថិតនៅអគារលេខ១៦៨ ផ្លូវកោះកែរ ភូមិឡឥដ្ឋ សង្កាត់បំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

អ្នកឧកញ៉ា សំ អាង ប្រធាន ក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគបាលខេត្តព្រះវិហារ ភ្ញៀវកិត្តិយស អ្នកជំនួញ និងគណៈគ្រប់គ្រងធនាគារ វឌ្ឍនៈ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការធនាគារ វឌ្ឍនៈ សាខាខេត្តព្រះវិហារ។

សាខាខេត្តព្រះវិហារ នឹងផ្តល់នូវសេវាធនាគារពាណិជ្ជ គ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រអាជីវកម្មក្នុងខេត្ត ក្នុងវិស័យនានា ដូចជាកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។ សាខាខេត្តព្រះវិហារនឹងផ្សព្វផ្សាយសេវាធនាគារ ឌីជីថលរបស់ខ្លួន រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណផងដែរ។

ផលិតផល និងសេវាកម្ម ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈទទួលបានពានរង្វាន់ អន្តរជាតិជាច្រើនរួមមាន៖

ទី១៖ ពានរង្វាន់សេវាធនាគារចល័ត ដែលងាយស្រួលប្រើប្រាសជាងគេ ប្រចាំប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Global Economics ពីចក្រភពអង់គ្លេស
ទី២៖ ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
ទី៣៖ ពានរង្វាន់អភិបាលកិច្ចល្អបំផុត ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
ទី៤៖ ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
ទី៥៖ ពានរង្វាន់សេវាធនាគារចល័ត ដែលមានភាពច្នៃប្រឌិតជាងគេ ប្រចាំប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
ទី៦៖ ពានរង្វាន់អភិបាលកិច្ចល្អបំផុត ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
ទី៧៖ ពានរង្វាន់សេវាធនាគារចល័ត ដែលល្អជាងគេ ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
ទី៨៖ ពានរង្វាន់ សេវាកម្មមាសល្អជាងគេ ពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
ទី៩៖ ពានរង្វាន់សេវាធនាគារចល័ត ដែលល្អជាងគេពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី

លោក អ៊ុត សារ៉ាត់ ប្រធានធនាគារ វឌ្ឍនៈ សាខាខេត្តព្រះវិហារ ដែលមានបទពិសោធន៍ ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ និងដឹងនាំបុគ្គលិកធនាគារ ក្នុងសាខាទាំងអស់ ដើម្បីបម្រើសេវាកម្មល្អបំផុត ជូនអតិថិជន។

គួរបញ្ជាក់ថា ធនាគារ វឌ្ឍនៈ បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដែលវិនិយោគ ដោយអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង។ បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានបុគ្គលិកប្រហែល៧០០នាក់ និង២៦សាខា ដែលក្នុងនោះ១២សាខា ស្ថិតនៅរាជធានីភ្នំពេញ និង១៤សាខាទៀត ស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ ស្ថិតនៅអគារឌ្ឍនៈ រាជធានីភ្នំពេញ។

ធនាគារ វឌ្ឍនៈគ្រោងនឹងដាក់ឱ្យដំណើរការសាខា ជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២២ ខាងមុខនេះ៕