(ជប៉ុន)៖ ករណីវិជ្ជមានជំងឺ COVID-19 លើកដំបូង ត្រូវបានរកឃើញ នៅក្នុងភូមិស្នាក់នៅរបស់អត្តពលិក នៃព្រឹត្តិការណ៍ Tokyo 2020, នេះបើតាមការបញ្ជាក់ ពីអ្នករៀបចំព្រឹត្តិការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ។

អ្នកដែលបានឆ្លង, ដែលបានទទួលលទ្ធផលអវិជ្ជមាន នៅឯអាកាសយានដ្ឋាន ប៉ុន្តែត្រូវបានរកឃើញវិជ្ជមានវិញ នៅអំឡុងពេលធ្វើតេស្ត នៅភូមិអត្តពលិក នាថ្ងៃសុក្រនោះ, បច្ចុប្បន្ននេះ ត្រូវបានដាក់ឲ្យរស់នៅដាច់ដោយឡែកពីគេ នៅសណ្ឋាគារមួយ, នេះបើតាមសម្តីលោក Toshiro Muto នាយកប្រតិបត្តិ Tokyo 2020 បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយ។

អ្នករៀបចំព្រឹត្តិការណ៍ បានច្រានចោលពីការបង្ហាញសញ្ជាតិ របស់អ្នកឆ្លងជំងឺ, អ្នករៀបចំបានឲ្យដឹងថា ពួកគេមិនបានដឹងថា អ្នកដែលឆ្លងនោះ បានទទួលវ៉ាក់សាំងហើយឬក៏អត់នោះទេ។

សូមបញ្ជាក់ថា សរុបមានករណីវិជ្ជមាន COVID-19 ចំនួន១៥ករណីហើយ ដែលត្រូវបានរកឃើញ ក្នុងចំណោមមនុស្សដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Olympic និង Paralympic នាថ្ងៃសុក្រ, នាំឲ្យចំនួនអ្នកឆ្លង កើនឡើងដល់៤៥ករណី គិតចាប់តាំងពីថ្ងៃទី១ ខែកក្កដានេះ៕