(តូក្យូ)៖ ក្រុមកីឡាករបាល់ទាត់យុវជនអាយុក្រោម ២៣ឆ្នាំរបស់អាល្លឺម៉ង់ បាននាំគ្នាដើរចេញពីទីលានមុនចប់ការប្រកួត ៥នាទី តល់នឹងហុងឌូរ៉ាស នៅពេលផ្ទុះករណីរើសអើងជាតិទៅលើកីឡាករ Jordan Torunarigha របស់ជម្រើសជាតិឥន្រ្ទីដែកអាល្លឹម៉ង់នៃជំនួបមិត្តភាពអន្តរជាតិ មុនទៅលេងអូឡាំពិករដូវក្តៅនៅប្រទេសជប៉ុន ឆ្នាំ២០២០ នៅប្រទេសជប៉ុន។

ការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិនេះ នឹងត្រូវប្រើពេល ៣០នាទីចំនួន ៣ដងពោលគឺរៀងរាល់ ៣០នាទីសម្រាក ១នាទី ដើម្បីញាំទឹក និងស្តាប់យុទ្ធសាស្រ្តបន្ថែមពីគ្រូបង្វឹក។ Torunarigha វ័យ ២៣ឆ្នាំដែលត្រូវបានជ្រើសរើសចេញពីក្លិបអាជីពក្នុងស្រុក Hertha Berlin នោះ ត្រូវបានរងការរំលោភបំពានជាខ្លាំងនៅលើបណ្តាញសង្គម នៅពេលដែលការប្រកួតត្រូវបានធ្វើឡើងដោយបិទទ្វារក៏ដោយ។

ហុងឌូរ៉ាស ដែលមានកៅអីលេងនៅ Tokyo Olympic Games 2020 ផងនោះ បានបើកការនាំមុខនៅមុនពេលបញ្ចប់វគ្គទី១ តែត្រូវបានកីឡាករ Felix Uduokhai មកពីក្លិប Ausburg ជួយឲ្យ U23 អាល្លឺម៉ង់តាមស្មើនៅវិញនៅវគ្គទី៣។

ការប្រកួតនេះ ត្រូវបានធ្វើឡើងដើម្បីកម្តៅសាច់ដុំ សម្រាប់យុទ្ធនាការអូឡាំពិករបស់អាល្លឹម៉ង់ដែលនឹងចាប់ផ្តើមទល់នឹងសាំបាប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា គ្រាដែល Torunarigha បានបង្ហាញខ្លួនក្នុងលីគចំនួន ១៤លើកកាលពីរដូវកាលមុន នៅពេលដែល Hertha Berlin បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៤ នៅក្របខណ្ឌ Bundesliga៕