(ភ្នំពេញ)៖ នៅក្នុងបញ្ញត្តិក្រមរដ្ឋប្បវេណី បានកំណត់អំពីវិធីនៃការបែងចែកមត៌កតាម ០២(ពីរ) របៀប រួមមាន៖ ការបែងចែកមត៌កតាមបញ្ញតិច្បាប់ ដែលហៅថាសន្តតិកម្មតាមច្បាប់ និងការបែងចែកមត៌កតាមរយៈឆន្ទៈរបស់មតកជន ដែលហៅថា សន្តតិកម្មមានបណ្ដាំ (មតកសាសន៍)។ ជាទូទៅ តាមរយៈសន្តតិកម្មមានបណ្ដាំ (មតកសាសន៍) មតកជនអាចបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួន បន្ទាប់ពីខ្លួនទទួលមរណភាព។

ប៉ុន្តែ ជម្រើសនៃការបែងចែកមត៌កតាមវិធីនេះ អាចនឹងមានការបំពានដល់ចំណែករបស់សន្តតិជនណាមួយ ក្នុងករណីមតកជនបានកំណត់ក្នុងបណ្ដាំថា នឹងបែងចែកមត៌កទៅឱ្យជនដទៃក្រៅពីសន្តតិជន ឬបែងចែកចំនួនលើសលុបឱ្យទៅសន្តតិជនណាម្នាក់ ជាហេតុធ្វើឱ្យសន្តតិជនម្នាក់ទៀតទទួលបានមត៌កតិចតួច។ ដើម្បី សម្រួលស្ថានភាពបែបនេះ ទើបក្រមរដ្ឋប្បវេណីបានកំណត់នូវបញ្ញត្តិមួយឡើង ដើម្បីធានាថាគ្មានការបំពានលើចំណែកមត៌ក ដែលត្រូវទទួលបានដោយសន្តតិជន ហៅថា «ភាគបម្រុង»

តើអ្វីទៅជាភាគបម្រុង? តើភាគបម្រុងបង្កើតឡើងក្នុងគោលបំណងអ្វី ហើយមានផលប្រយោជន៍បែបណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «របបភាគបម្រុង» មកបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ និងសិស្ស និស្សិត ដូចខាងក្រោម៖

ដូចដែលបានបញ្ជាក់ខាងលើ ច្បាប់បានទទួលស្គាល់ឱ្យមានសន្តតិកម្មតាមបណ្ដាំ (មតកសាសន៍) ដែលមតកជនអាចបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការបែងចែកចំណែកមត៌ក បន្ទាប់ពីខ្លួនបានស្លាប់ទៅ។ ប៉ុន្តែការទទួលស្គាល់របបសន្តតិកម្មបែបនេះ ក៏អាចធ្វើឱ្យប៉ះពាល់ដល់ចំណែកដែលសន្តតិជនត្រូវទទួលបានផងដែរ ប្រសិនបើមតកជន បង្ហាញឆន្ទៈចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនដោយមិនត្រឹមត្រូវ ហេតុនេះហើយទើបក្រមរដ្ឋប្បវេណីបានបង្កើតនូវរបបភាគបម្រុងឡើង។ បទបញ្ញត្តិ ស្ដីពីភាគបម្រុងត្រូវបានបង្កើតឡើង ក្នុងគោលបំណងការពារការចាត់ចែងទ្រព្យសម្បត្តិដោយមិនត្រឹមត្រូវ ដែលធ្វើឡើងដោយមតកជន ដូចជាធានាបាននូវចំណែកមត៌កជាក់លាក់ និងត្រឹមត្រូវមួយសម្រាប់ជនដែលនឹងត្រូវមានសិទ្ធិទទួលបាន។ មតកជន មានសិទ្ធិធ្វើការបែងចែកមត៌ករបស់គាត់បានគ្រប់រូបភាព ក៏ប៉ុន្តែត្រូវគោរពលក្ខខណ្ឌតាមគោលការណ៍ភាគបម្រុង។

តាមច្បាប់ ភាគបម្រុង គឺជាចំណែកមួយដែលត្រូវបម្រុងទុកឱ្យអ្នកដែលមានសិទ្ធិលើភាគបម្រុង តាមច្បាប់កំណត់។ ភាគបម្រុង គឺជាចំណែកបម្រុងទុក ដែលត្រូវរាប់បញ្ចូលទាំងមត៌ក និងទ្រព្យសម្បត្តិមួយចំនួន ដែលមានមុនពេលមរណភាពរបស់មតកជន ដូចជាប្រទានកម្ម និងតម្លៃនៃផលប្រយោជន៍ពិសេស ដោយហេតុថា ប្រសិនបើទ្រព្យសម្បត្តិដែលជាមូលដ្ឋានសម្រាប់គណនាភាគបម្រុងនេះត្រូវបានកំណត់ត្រឹមមត៌ក នោះអាចមានករណីមួយចំនួន ដែលមតកជនគាត់អាចចាត់ចែងទ្រព្យសម្បត្តិបានតាមរយៈប្រទានកម្មជាដើម ដែលអាចធ្វើឱ្យប៉ះពាល់ដល់ចំណែករបស់សន្តតិជន។

ក្រមរដ្ឋប្បវេណីកម្ពុជា បានកំណត់ឱ្យជនមួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមតកជន ក្លាយជាអ្នកមានសិទ្ធិលើភាគបម្រុង ដែលរួមមាន៖

* បច្ឆាញាតិផ្ទាល់ ឬសន្តតិជនជំនួសរបស់ខ្លួន
* ឪពុកម្ដាយ និងជីដូនជីតា
* សហព័ទ្ធ។

ប៉ុន្តែទោះបីជាយ៉ាងណាក្ដី មិនមែនមានន័យថា ជនទាំងអស់ដូចមានបញ្ជាក់ខាងលើសុទ្ធតែមានសិទ្ធិលើភាគបម្រុងគ្រប់ៗគ្នានោះទេ ពោលគឺកំណត់ទៅតាមលំដាប់នៃសន្តតិជនដូចខាងក្រោម៖

* សហព័ទ្ធមានសិទ្ធិលើភាគបម្រុងជានិច្ច
* បើមានសន្តតិជនលំដាប់ទី១ ជាអ្នកមានសិទ្ធិលើភាគបម្រុង នោះសន្តតិជនលំដាប់ទី២ មិនមានសិទ្ធិនេះឡើយ។

ជាទូទៅចំណែកនៃភាគបម្រុងត្រូវបានកំណត់ដូចខាងក្រោម៖

* ១ ភាគ ៣ នៃទ្រព្យសម្បត្តិរបស់មតកជន ក្នុងករណីដែលមានតែសន្តតិជនជាឪពុកម្ដាយ ឬជីដូនជីតា ប៉ុណ្ណោះ
* ១ ភាគ ២ នៃទ្រព្យសម្បត្តិរបស់មតកជន ក្នុងករណីផ្សេង។

ក្នុងករណីដែលមានសន្តតិជនច្រើននាក់ អ្នកមានសិទ្ធិលើភាគបម្រុងនីមួយៗអាចទទួលភាគបម្រុងរបស់ខ្លួន ទៅតាមសមាមាត្រនៃចំណែកមត៌ក។

សរុបជារួមមក ភាគបម្រុងគឺជារបបមួយប្រភេទ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់នូវចំណែកបម្រុងទុកមួយ ដើម្បីការពារពីការចាត់ចែងទ្រព្យសម្បត្តិហួសហេតុរបស់មតកជន រហូតធ្វើឱ្យបាត់បង់ចំណែកស្របច្បាប់ដល់អ្នកដែលមានសិទ្ធិទទួលបានមត៌ក។ ការកំណត់ ពីរបបភាគបម្រុង អាចជាប្រយោជន៍មួយ ដើម្បីសម្របសម្រួលរវាងសន្តតិកម្មតាមច្បាប់ និងសន្តតិកម្មតាមបណ្ដាំ (មតកសាសន៍) ក៏ដូចជាអាចរក្សាបាននូវចំណែកមត៌កជាក់លាក់លើទ្រព្យសម្បត្តិរបស់មតកជន សម្រាប់ជនដែលនឹងមានសិទ្ធិទទួលបានមត៌កតាមផ្លូវច្បាប់៕

រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.