(បរទេស)៖ ទេពកោសល្យនៃការសម្តែង របស់តារាប្រុសល្បីជាច្រើន បានធ្វើឲ្យទស្សនិកជនទូទាំងពិភពលោក មានភាពសប្បាយរីករាយ នៅពេលបានទស្សនាស្នាដៃសម្តែងរបស់ពួកគេ។ តារាប្រុសមួយចំនួន ដែលជាប់ឈ្មោះថា ជាតារាមានប្រាក់ច្រើនបំផុត ប្រចាំឆ្នាំ២០២១ គឺរកចំណូលពីការថតភាពយន្តហូលីវូដ។

ខាងក្រោមនេះជា តារាប្រុសល្បីៗទាំង០៩នាក់ ដែលជាប់ឈ្មោះថា ជាតារាមានប្រាក់ច្រើនបំផុត ប្រចាំឆ្នាំ២០២១៖

*ទី៩៖ តារាសម្តែង Keanu Reeves មានប្រាក់៣៦០លានដុល្លារអាមេរិក
តារាវ័យ៥៦ឆ្នាំរូបនេះ មានអ្នកគាំទ្រជាច្រើននៅទូទាំងពិភពលោក តាមរយៈការសម្តែងជាតួអង្គ «John Wick» ដែលជាខ្សែភាពយន្តហូលីវូដ មានអ្នកគាំទ្រច្រើន។ ក្នុងឆ្នាំ២០២១នេះ ទឹកប្រាក់របស់លោកត្រូវបានគេ សន្មត់ថាមានចំនួន ៣៦០លានដុល្លារអាមេរិក។

*ទី៨៖ តារាសម្តែង Tom Hanks មានប្រាក់ ៣៥០លានដុល្លារអាមេរិក
Tom Hanks ត្រូវបានគេចាត់ទុកថា ជាកំពូលតារាសម្តែងដ៏ល្បីល្បាញម្នាក់ក្នុងវិស័យហូលីវូដ។ ស្នាដៃភាពយន្តចុងក្រោយដែលលោកសម្តែង គឺចំណងជើងថា «Greyhound» និង «News Of The World»។ បើតាមគេហទំព័រ Victor Mochere បច្ចុប្បន្ន Tom Hanks មានទឹកប្រាក់ប្រហែល ៣៥០លានដុល្លារអាមេរិក។

*ទី៧៖ តារាសម្តែង Adam Sandler មានប្រាក់ ៤២០លានដុល្លារអាមេរិក
ដំបូងឡើយលោក គឺជាតារាកំប្លែង ហើយក៏បានវិវត្តន៍ខ្លួនទៅជាតារាសម្តែងល្បីឈ្មោះមួយរូបក្នុងភាពយន្តហូលីវូដ ដែលជួយរកចំណូលពីការចាក់បញ្ចាំងក្នុងស្រុកបានរហូតដល់ជាង២ពាន់លានដុល្លារអាមេរិក។ តាមរយៈការងារជាតារាសម្តែង លោកត្រូវបានគេដឹងថា ទទួលបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រោះបើយោងតាម Groove Wallet បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ ប្រាក់របស់លោកបានកើនឡើងដល់ ៤២០លានដុល្លារអាមេរិក។

*ទី៦៖ តារាសម្តែង Robert De Niro មានប្រាក់ ៥០០លានដុល្លារអាមេរិក
Robert De Niro មានអាយុប្រហែល៧៧ឆ្នាំហើយ ប៉ុន្តែរូបសម្រស់របស់លោក នៅតែមានមន្តស្នេហ៍រាល់ពេលលោកសម្តែងលើកញ្ចក់ទូរទស្សន៍។ តាមរយៈអាជីពជាតារាសម្តែង លោកទទួលបានពានរង្វាន់ធំៗមួយចំនួនផងដែរដូចជា Acedemy Award និង Golden Globes។ ក្នុងឆ្នាំ២០២១ នេះ ទឹកប្រាក់របស់លោកត្រូវបានគេសន្មត់ថា មានចំនួន ៥០០លានដុល្លារអាមេរិក។

*ទី៥៖ តារាសម្តែង George Clooney មានប្រាក់ ៥០០លានដុល្លារអាមេរិក
លោក គឺជាតារាសម្តែងរបស់អាមេរិកម្នាក់ទៀតហើយ ដែលមានមន្តស្នេហ៍ក្នុងវិស័យហូលីវូដក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ លោកត្រូវបានគេដឹងថា មិនសូវបង្ហាញវត្តមានញឹកញាប់ក្នុងខ្សែភាពយន្តក៏ដូចជាក្នុងកញ្ចក់ទូរទស្សន៍ទេ ប៉ុន្តែជាតារាម្នាក់ក្នុងចំណោមតារា ដែលមានបំផុតលើពិភពលោក។ ស្ថិតក្នុងវ័យ៦០ឆ្នាំ តារាប្រុសរូបនេះមានទឹកប្រាក់ប្រមាណ ៥០០លានដុល្លារអាមេរិក។ នេះបើតាមគេហទំព័រ The Second Angle។

*ទី៤៖ តារាសម្តែង Tom Cruise មានប្រាក់ ៦០០លានដុល្លារអាមេរិក
កំពូលតារាសម្តែងវ័យ៥៨ឆ្នាំរូបនេះ មានទស្សនិកជនជាច្រើនទូទាំងពិភពលោក ស្រឡាញ់ និងចូលចិត្តការសម្តែងរបស់លោក។ តារារូបនេះកាន់តែល្បីខ្លាំង តាមរយៈការចូលរួមសម្តែងរឿង «Mission Impossible» និងរឿង «Top Gun»។ បច្ចុប្បន្នទឹកប្រាក់របស់លោកមានជាង ៦០០លានដល្លារអាេមរិក។

*ទី៣៖ តារាសម្តែង Shah Rukh Khan មានប្រាក់៦៩០លានដុល្លារអាមេរិក
លោក គឺជាតារាប្រុសដ៏ល្បីមួួយរូបក្នុងវិស័យ Bollywood ហើយក៏ជាតារាម្នាក់ ក្នុងចំណោមតារាសម្តែងដែលមានបំផុតនៅប្រទេសឥណ្ឌា និងលើពិភពលោកផងដែរ។ បច្ចុប្បន្នទឹកប្រាក់របស់លោកត្រូវបានគេប៉ានស្មានថា មានប្រមាន ៦៩០លានដុល្លារអាមេរិក។

*ទី២៖ តារាសម្តែង Jerry Seinfeld មានប្រាក់៩៥០លានដុល្លារអាមេរិក
លោក គឺជាតារាដែលមានជំនាញជាច្រើន ព្រោះក្រៅពីល្បីឈ្មោះក្នុងវិស័យហូលីវូដហើយនោះ គឺថែមទាំងជាអ្នកសរសេរសៀវភៅ និងជាផលិតករទូរទស្សន៍ផងដែរ។ បច្ចុប្បន្នទឹកប្រាក់របស់លោក ត្រូវបានគេប៉ានស្មានថា មានប្រាក់មាន៩៥០លានដុល្លារអាមេរិក។

*ទី១៖ តារាសម្តែង Tyler Perry មានប្រាក់១ពាន់លានដុល្លារអាមេរិក
រំលឹកទៅកាលពីឆ្នាំ២០១១ លោកត្រូវបានទស្សនាវដ្ដី Forbes កំណត់ថា ជាតារាប្រុសដែលមានតម្លៃខ្លួនខ្ពស់បំផុត។ លោកជាតារាមួយរូប ដែលជួយឲ្យស្នាដៃភាពយន្តដែលលោកចូលរួមសម្តែង ទទួលបានប្រាក់ចំណូលក្នុងស្រុករាប់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ លោកមានទឹកប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក៕