(ភ្នំពេញ)៖ ឧស្សាហកម្មធនាគារ គឺជាវិស័យមួយដែលមានការរីកចម្រើនបំផុតនៅកម្ពុជា រួមមានធនាគារពាណិជ្ជធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បើទោះបី មានការវិនិយោគបន្ថែមក៏ដោយ ក៏វិស័យនេះប្រឈមនឹងការប្រកួតប្រជែងដ៏លំបាក ក្នុងទីផ្សារដ៏ចង្អៀតនេះដែរ។ ទោះយ៉ាងណា កត្តានេះបានផ្តល់នូវអត្ថប្រយោជន៍ ក៏ដូចជម្រើសកាន់តែច្រើនដល់អតិថិជន។

លោក ម៉ម វិរ័ត្ន ជាម្ចាស់ក្រុមហ៊ុន S Golden City Construction ទទួលបានប្រាក់កម្ចីពីធនាគារ សម្រាប់ដំណើរការអាជីវកម្មរបស់លោក អស់រយៈពេលជាង ១០ ឆ្នាំហើយ។ លោកបានថ្លែងប្រាប់ Amazadia (អាម៉ាហ្សាឌៀ) ថា ពីមុនលោកធ្លាប់បានខ្ចីប្រាក់ពីធនាគារពាណិជ្ជកម្មក្នុងស្រុកមួយ ប៉ុន្តែក្រោយមកបានប្តូរមកធនាគារពាណិជ្ជ ឈីហ្វ វិញដោយបានធ្វើការកត់សម្គាល់ឃើញថា ធនាគារ ឈីហ្វ ផ្តល់នូវអត្រាការប្រាក់ដែលមានការប្រកួតប្រជែង។

លោកបានបន្តថា៖ «ពួកគេផ្តល់នូវសេវាកម្មល្អ ងាយស្រួល និងឆាប់រហ័សនៅពេលពិគ្រោះយោបល់ ដែលស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុនខ្ញុំ ដូច្នេះខ្ញុំបានសម្រេចចិត្តស្នើសុំប្រាក់កម្ចី ហើយជ្រើសរើសឈីហ្វធ្វើជាដៃគូអាជីវកម្មរបស់ខ្ញុំ»

លោកបន្ថែមថា បើទោះបីមានការបិទខ្ទប់អំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលរំខានដល់អាជីវកម្មមួយចំនួននៅភ្នំពេញក៏ដោយ ក៏ស្ថានភាពហិរញ្ញវត្ថុរបស់ ឈីហ្វ នៅតែបន្តមានភាពវិជ្ជមាន។

លោកបញ្ជាក់ថា៖ «ប្រាក់កម្ចីនេះគាំទ្រដល់កំណើនអាជីវកម្មរបស់ខ្ញុំ ហើយខ្ញុំមិនដែលជាប់ក្នុងបញ្ជីខ្មៅនៅពេលសងប្រាក់កម្ចីយឺតយ៉ាវនោះទេ ព្រោះក្រុមហ៊ុនរបស់ខ្ញុំគ្រប់គ្រងហានិភ័យបានល្អ ទាក់ទងនឹងផែនការអាជីវកម្ម និងបំណុល។ យើងមានទុនបម្រុងទុក ដូច្នេះយើងមិនមានបញ្ហា ជាមួយនឹងការសងប្រាក់កម្ចីឡើយ»

បច្ចុប្បន្ន លោក វិរ័ត្ន កំពុងប្រើប្រាក់កម្ចីដើម្បីពង្រីកអាជីវកម្មរបស់លោក រួមមាន ការទិញដី និងប្រើវាជាទ្រព្យបញ្ចាំដើម្បីស្នើប្រាក់កម្ចីបន្ថែម។ ពីមុន ខ្ញុំបានខ្ចីប្រាក់ពីធនាគារពាណិជ្ជក្នុងស្រុកមួយ តែនៅពេលដែលខ្ញុំកត់សម្គាល់ឃើញថាធនាគារ ឈីហ្វផ្តល់អត្រាការប្រាក់ទាប ខ្ញុំក៏សម្រេចចិត្តប្តូរមកធនាគារ ឈីហ្វវិញ ដើម្បីគាំទ្រអាជីវកម្មរបស់ខ្ញុំ»។ លោក ម៉ម វិរ័ត្ន បញ្ជាក់។ លោកថ្លែងថា លោកបានខ្ចីប្រាក់សរុបចំនួន ៥០០,០០០ ដុល្លារ ពីធនាគារ ឈីហ្វ ហើយនឹងពិចារណាស្នើបន្ថែមទៀត បើសិនអាជីវកម្មរបស់លោកដំណើរការបានល្អ។

យោងតាមទិន្នន័យថ្មីៗ ពីធនាគារជាតិនៃកម្ពុជា (NBC) កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥១, ធនាគារឯកទេសចំនួន ១៤, និងស្ថាប័នមីក្រូហិរញ្ញវត្ថុជាង ១៤០ ។ របាយការណ៍ ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា ផលប័ត្រប្រាក់កម្ចីសរុបរបស់វិស័យធនាគារ ឆ្នាំ ២០២០ មានចំនួន ៣០,២ ពាន់លានដុល្លារ ដែលមានការកើនឡើង ១៥,៣ភាគរយធៀប នឹងឆ្នាំ ២០១៩ ។ ចំនួនទឹកប្រាក់សរុបតំណាង ១,២ លានឥណទាន។

ការបែងចែក ប្រភេទប្រាក់កម្ចីតាមវិស័យរួមមាន ការលក់រាយ ១៥,៥ ភាគរយ ប្រាក់កម្ចីផ្ទះ ១២,៨ ភាគរយ លក់ដុំ ៩,៧ ភាគរយ ប្រាក់កម្ចីផ្ទាល់ខ្លួន ៩,៨ ភាគរយ សំណង់ ៩,២ ភាគរយ អចលនទ្រព្យ ៨,៤ ភាគរយ វិស័យកសិកម្ម ៧,៧ ភាគរយ និងវិស័យផ្សេងទៀត ២៦,៩ ភាគរយ។

លោក សិន ដារិទ្ធ ជាអ្នកផ្គត់ផ្គង់សាច់នាំចូល បានថ្លែងថា កាលពីមុនលោកបានខ្ចីប្រាក់ពីធនាគារពាណិជ្ជចំនួន ៣ មុនពេលដូរមកប្រើធនាគារពាណិជ្ជ ឈីហ្វ ដែលបានជួយជំរុញកំណើនអាជីវកម្មរបស់លោក។

លោកបន្តថា៖ «ខ្ញុំមិនមានបញ្ហាប្រឈមនឹងការសងប្រាក់កម្ចីនោះទេ ទោះបីមានវិបត្ដិកូវីដ-១៩ ក៏ដោយពីព្រោះខ្ញុំមានទុនបំរុងសម្រាប់យ៉ាងហោចណាស់រយៈពេល ៦ ខែក្នុងករណីអាជីវកម្មប្រឈមនឹងការបាត់បង់ចំណូល។ តែអាជីវកម្មរបស់លោកនៅតែបន្តរីកលូតលាស់បានល្អ អំឡុងពេលមានជំងឺរាតត្បាត ពីព្រោះតម្រូវការស្បៀងអាហារកំពុងតែកើនឡើងជាលំដាប់»។

លោក ដារិទ្ធ ជាអ្នកនាំចូលសាច់ និងត្រីពីប្រទេសឥណ្ឌា អូស្ត្រាលី និងជប៉ុន ដើម្បីផ្គត់ផ្គង់ភោជនីយដ្ឋាននិងសណ្ឋាគារលំដាប់ខ្ពស់ដូចជា Naga World និង Tonle Bassac ។ លោកបានខ្ចីប្រាក់ជាង ១០០,០០០ ដុល្លារក្នុងឆ្នាំ ២០២០ ហើយរយៈពេលសងគឺ ១៥ ឆ្នាំ។

លោកបានបញ្ជាក់ថា៖ «ខ្ញុំប្រើប្រាក់កម្ចីនេះដើម្បីពង្រីកអាជីវកម្មផ្សេងទៀត ដែលរួមមានការផ្គត់ផ្គង់ផ្លែឈើ។ ខ្ញុំនឹងស្នើប្រាក់កម្ចីបន្ថែមពីធនាគារ ឈីហ្វ នាពេលអនាគត ពីព្រោះពួកគេផ្តល់នូវលក្ខខណ្ឌងាយស្រួល បើធៀបនឹងធនាគារផ្សេងទៀត»

លោកបន្តថា ការទទួលបានជំនួយហិរញ្ញវត្ថុពីធនាគារ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលធ្វើអាជីវកម្ម ពីព្រោះវាផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយក៏មាននូវផែនការអាជីវកម្មច្បាស់លាស់ផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំស្គាល់ធនាគារឈីហ្វតាមរយៈការផ្សាយពាណិជ្ជកម្មខ្ញុំក៏បានឃើញនាយកប្រតិបត្តិរបស់ឈីហ្វផ្តល់កិច្ចសម្ភាសអំពីធនាគារនិងប្រាក់កម្ចី។ ហើយមិត្តរបស់ខ្ញុំក៏បានណែនាំឲ្យខ្ញុំស្គាល់ផងដែរ»