(ភ្នំពេញ)៖ វេជ្ជបណ្ឌិតឯកទេសសើរស្បែក និងសម្ផស្ស ប៊ិត សុខ ទេពី បានបញ្ជាក់ថា មានថ្នាំ២ប្រភេទគឺ Myda-B និង Gentriderm ដែលគេតែងតែនិយមយកមកលាយក្នុងឡេ ធ្វើឱ្យស្បែកសឡើងក្នុងរយៈពេលខ្លឺ តែបានផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ស្បែកទៅថ្ងៃក្រោយ។

១៖ Myda-B៖ ជាប្រភេទពពួក anti-fungal cream សម្រាប់ព្យាបាលជម្ងឺសើរស្បែក ដែលបង្ករដោយមេរោគផ្សិត ដូចនេះវាមិនមានការចាំបាច់យកមកលាយក្នុងឡេដើម្បីលាបក្នុងរយៈពេលយូរ ដែលអាចបង្ករឱ្យមានការរលាកក្រហមលើស្បែក។

២៖ Gentriderm៖ ជាប្រភេទពពួក steroid ដែលគេប្រើសម្រាប់ព្យាបាលជំងឺសើរស្បែក ដូចជា កម រមាស់ តាអក ហើយក៏គ្មាន FDAណាគេអនុញ្ញាត្តិឱ្យលាយថ្នាំទាំងនេះចូលទៅក្នុងឡេ ដែលត្រូវលាបជាប្រចាំនោះឡើយ ទោះទ្រឹស្តីផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ថាពពួកថ្នាំនេះជួយឱ្យស្បែកសរហ័សក៏ដោយ តែវាផ្តល់មកវិញនៅផលវិបាកជាច្រើនដល់ស្បែកនៅថ្ងៃក្រោយ បន្ទាប់ពីឈប់ប្រើប្រាស់វា។
ផលវិបាកមានដូចជា៖

*Telangiectasis៖ ឡើងសរសៃក្រហមនៅលើស្បែក និងធ្វើឱ្យស្បែកស្ដើងងាយប្រតិកម្មបំផុត
*Stretch Marks៖ ឡើងសង្វារសៗពេញលើស្បែក
*Melasma៖ បើយកមកលាបមុខ នឹងធ្វើឱ្យមុខជាំ ខ្មៅស្រអាប់
*Steroid induced acne៖ បើប្រើលើមុខក្នុងរយៈពេលយូរ នោះនឹងធ្វើឱ្យមុខមានមុនរោលកប់គ្រប់រន្ធ អាចមានខ្ទុះ ក្រហម រមាស់ ក្តៅក្រហាយជាដើម។

វេជ្ជបណ្ឌិតឯកទេសរូបនេះ បានបញ្ជាក់ទៀតថា រាល់ផលវិបាកទាំងនេះ គឺទាមទារការព្យាបាលយ៉ាងត្រឹមត្រូវ ពីគ្រូពេទ្យឯកទេសច្បាស់លាស់។ វេជ្ជបណ្ឌិតរូបនេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះថា ស្បែកជាសរីរាង្គដែលធំជាងគេនៅក្នុងខ្លួនប្រាណរបស់មនុស្ស។ «ស្បែកមានតួនាទី ដើរតួរជារនាំងយ៉ាងសំខាន់បំផុត ក្នុងការពារខ្លួនប្រាណពីការប៉ះទង្គិចនានា ពីការចម្លងរោគដោយបាក់តេរីនានា កាំរស្មី និងសារធាតុគីមីនានាដែលអាចបង្ករគ្រោះថ្នាក់ដល់ខ្លួនប្រាណរបស់យើង»

ស្បែកដែលមានសុខភាពល្អ ជាស្បែកដែលមានតុល្យភាពនៃសំណើម ម៉ត់រលោង ភ្លឺថ្លា តឹងណែន និងគ្មានភាពជ្រីវជ្រួញ។ បើស្បែកស្ងួត គឺយើងគួរលាបឡេផ្តល់សំណើមដែលជាប្រភេទពពួក occlusive, humectant និង emollient ដូចជា aloe Vera, green tea, jojoba oil, coconut oil, Shea butter, glycerin, sodium PCA, hyaluronic acid, Epidermal Growth Factor, ceramide, Squalane, Urea ដើម្បីជួយថែរក្សាស្បែកអោយមានសំណើមកាត់បន្ថយភាពជ្រីវជ្រួញលើស្បែក និងបង្ការការកើតមានឡើងនៃជំងឺសើរស្បែកនានាផងដែរ។

រីឯបើស្បែកខ្មៅស្រអាប់ យើងគួរប្រើឡេដែលជួយបំប៉នស្បែក និងជួយកាត់បន្ថយ melanin ដែលបង្ករទៅជាពណ៌ខ្មៅស្រអាប់លើស្បែកទៅតាមកម្រិតបទដ្ឋានវេជ្ជសាស្រ្ត ដើម្បីទប់ស្កាត់ផលវិបាកទៅថ្ងៃក្រោយ។ តួយ៉ាងសារធាតុទាំងនោះមានដូចជា៖ Vitamin C, Glutathione, Licrorice, Grape seed, Arbutin, Tranxamin, Circumin, Niacinamide ដើម្បីបំប៉នស្បែកឱ្យមានភាពភ្លឺថ្លាសន្សឹមៗ ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនាពេលអនាគត។

និយមន័យស្បែកស្អាតមានសុខភាព និងមានភាពទាក់ទាញមិនមែនទាល់តែស្បែកមានសម្បុរសហោះ ស្ងួតស្តើងចេញសរសៃនោះទេ តែជាស្បែកមានភាពក្រាស់មាំ ទន់ភ្លឺរលោង មានសំណើម គ្មានភាពជ្រីវជ្រួញ និងតឹងណែន។ ដូចនេះសូមកុំប្រើប្រាស់ឡេលាយថ្នាំទាំងនោះ គ្រាន់តែចង់បានភាពស្អាតត្រឹមរយៈខ្លី តែផ្តល់ផលវិបាករយៈពេលយូរដែលធ្វើឱ្យខូចតួនាទីស្បែក៕