(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកបឹងកេត បានទទួល ៣ពិន្ទុបន្ថែមទៀតហើយ ក្រោយយកឈ្នះក្រុមកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២-០ ក្នុងជំនួបសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជានៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខណៈ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ ធ្វើសម្រេចដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា។

ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េនេះ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើយនោះទេ។ ចូលវគ្គទី២ ក្រុមទាំងពីរ បានបន្ដវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៦៩ ទើប ចាន់ វឌ្ឍនាកា បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុន បន្ទាប់មកខ្សែប្រយុទ្ធជំនាញជើងឆ្វេងដដែល បានបន្ថែម ១គ្រាប់ទៀតនៅនាទី៨២ ដើម្បីធានាជ័យជម្នះឲ្យក្រុមនាគខៀវ លើក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២-០ តែម្ដង។

នេះគឺជាជ័យជម្នះលើកទី៥ របស់អតីតក្រុមជើងឯក ៤សម័យបឹងកេត ក្រោយរងបរាជ័យ ៣ប្រកួតជាប់ៗគ្នាកាលពីដើមរដូវកាល។ បច្ចុប្បន្នបឹងកេត រកបាន ១៥ពិន្ទុឈរលេខរៀងទី៤ បណ្ដោះអាសន្ន។ ចំណែកការរបូត ៣ពិន្ទុរបស់ក្រុមកងយោធពលខេមរភូមិន្ទ បានធ្វើឲ្យពួកគេធ្លាក់មកឈរលេខ៦ បណ្ដោះអាសន្ន ដោយមាន ១៣ពិន្ទុក្នុងដៃ តែបើសិនភ្នំពេញក្រោន ឈ្នះការប្រកួតជាមួយអគ្គិសនីកម្ពុជាល្ងាចនេះ តារាងចំណាត់ថ្នាក់ នឹងមានការប្រែប្រួលបន្ដទៀត។

ដោយឡែកលទ្ធផល ២ប្រកួតផ្សេងទៀត ដែលបញ្ចប់ការប្រកួតដំណាលគ្នានៅល្ងាចថ្ងៃអាទិត្យនេះ ក្រុមវិសាខាបានលុតក្រុមភ្ញៀវសូលទីឡូអង្គរ ៥-០ នៅកីឡដ្ឋានព្រីនស៍ ខណៈក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះខេត្តព្រៃវែង ដោយលទ្ធផល ២-១ ទាំងប្រផិតប្រផើយនៅកីឡដ្ឋានខេត្តព្រៃវែង។ បច្ចុប្បន្នវិសាខា បានឈរលេខ២ តែចាញ់ប្រៀបក្រុមកំពូលតារាងអង្គរថាយហ្គឺរតែ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួត ឈ្នះ៥ និងស្មើ៣ មិនទាន់ស្គាល់ចាញ់៕