(វ៉ាស៊ីនតោន)៖ កីឡាការិនីវាយកូនបាល់ទោល វ័យ ១៧ឆ្នាំ Coco Gauff ដកខ្លួនពីការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនដោយសារតែនាងបានឆ្លងកូវីដ-១៩ នៅពេលធ្វើតេស្តកាលពីអាទិត្យម្សិលមិញនេះ។

នាង Gauff ដែលត្រូវបានសហព័ន្ធអាមេរិកជ្រើសរើស ដើម្បីប្រកួតប្រជែងមេដាយនៅ Olympic Games ឆ្នាំ២០២០ ផ្នែកកីឡា Tennis នោះ ស្របពេលកីឡាករកំពូលៗរបស់ពិភពលោកជាច្រើនរូបទៀត ក៏ដែលបានដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូនេះដែរ ដោយបារម្ភពីជំងឺ COVIC-19។

កីឡាការិនី Gauff ដែលឈរនៅចំណាត់ថ្នាក់លេខ២៥ ពិភពលោកផងនោះបាននិយាយថា «ខ្ញុំខកចិត្តក្នុងការចែកចាយព័ត៌មានដែលខ្ញុំបានធ្វើតេស្ត៍វិជ្ជមានដោយមិនអាចទៅលេង Tokyo Olympic Games 2020 បាន»។

ព្រឹត្តិការណ៍កីឡាចម្រុះ អូឡាំពិករដូវក្តៅ ឆ្នាំ២០២០ ដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារមេរោគ COVID-19 រាតត្បាតពេញពិភពលោកនោះ នឹងចាប់ផ្តើមប្រកួតជាផ្លូវការនាថ្ងៃសុក្រសប្តាហ៍នេះ និងបញ្ចប់ទៅវិញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

ការប្រកាសរបស់នាង Gauff ដែលបានប្រកួតចុងក្រោយនៅ Wimbledon បានធ្លាក់ត្រឹមវគ្គ ១៦នាក់ចុងក្រោយផ្នែកនារីនោះបានតេស្តវិជ្ជមានកូវីដ-១៩ ក្រោយ ២ថ្ងៃ បន្ទាប់ពីកីឡាករវាយកូនបាល់អូស្ត្រាលី ឈ្មោះ Alex de Minaur ក៏បានឆ្លងផងដែរ មុនពេលលោកចាកចេញទៅចូលរួមព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូដូចគ្នា។

ឈ្មោះល្បីៗជុំវិញពិភពលោកមួយចំនួនមានដូចជា Rafael Nadal, Roger Federer, Serena Williams, Simona Halep, Dominic Thiem, Stan Wawrinka និង Nick Kyrgios សុទ្ធតែបានប្រកាសរួចហើយ នូវការសម្រេចចិត្តមិនចូលរួម Tokyo Games 2020 របស់ពួកគេផងដែរ៕