(ភ្នំពេញ)៖ ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាមួយ ធនាគារបីគឺ ធនាគារ ប្រេដ (BRED Bank) ធនាគារ ស៉ីអាយអិមប៊ី ភីអិលស៉ី (CIMB Bank) និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Bank) សម្រាប់គម្រោងបុរីថ្មីមួយរបស់ក្រុមហ៊ុន គឺគម្រោងបុរីចន្ទគីរី។

ការចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅការិយាល័យលក់នៃបុរីចន្ទគីរីក្នុងថ្ងៃដោយឡែកពីគ្នា ក្រោមអធិបតីភាពលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Urbanland និងអ្នកតំណាងប្រចាំធនាគារដៃគូទាំងបី រួមមាន លោក Toru Myochin នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងនាយកស្តីទីសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ ស៉ីអាយអិមប៊ី ភីអិលស៉ី និងលោកស្រី មាស គន្ធា នាយកគ្រប់គ្រងបណ្តាញសាខាផ្នែកហិរញ្ញវត្ថុបុគ្គលនៃធនាគារ ប្រេដ។

ការសហការនេះនឹងអនុញ្ញាតអោយអតិថិជនរបស់បុរីចន្ទគីរីទទួលបាននូវការផ្តល់ប្រាក់កម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន និងទំហំទឹកប្រាក់កម្ចីពី ៧០% ទៅ ៨០% នៃតម្លៃផ្ទះសរុប ជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៦.៦៦% ទៅ ៧.៨៨% ក្នុងមួយឆ្នាំ។

បុរីចន្ទគីរីមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ៥នាទីពី មហាវិថីសម្តេច តេជោ ហ៊ុនសែន ជិតផ្សារទំនើប អ៉ីអន 3។ គម្រោងបុរីចន្ទគីរីគឺជាគម្រោងអភិវឌ្ឍន៍បុរីដំបូងបង្អស់របស់ក្រុមហ៊ុន Urbanland ដែលនាំមកជូននូវ «ការរចនាផ្ទះដែលផ្តោតលើតម្រូវការអ្នករស់នៅ» ពិតប្រាកដ។

គម្រោងបុរីចន្ទគីរីបង្ហាញនូវគំនិតរចនាប្លង់គម្រោងបុរីថ្មីមួយ ដែលផ្តោតលើតម្រូវការរបស់មនុស្ស។ ក្រោយពីចំណាយពេលអស់រយ:ពេលជាង 2 ឆ្នាំ ដើម្បីសិក្សាស្វែងយល់ពីផ្ទះក្នុងក្តីស្រមៃរបស់អ្នករស់នៅទីក្រុងភ្នំពេញ ក្រុមហ៊ុនបានបញ្ចូលនូវរបកគំហើញថ្មីនេះទៅក្នុងប្លង់មេ និងការរចនាផ្ទះនីមួយៗរបស់បុរី ដើម្បីបង្កើតទៅជាលំនៅដ្ឋាន និងបរិក្ខារដែលអាចបំពេញមុខងារចាំបាច់តាមតម្រូវការរបស់អ្នករស់នៅ និងមានទាំងសោភណ្ឌភាព ការផ្សារភ្ជាប់ជាមួយធម្មជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍ដ៏ជិតស្និទ្ធ ហើយមានលក្ខណ:ខុសប្លែកពីគម្រោងបុរីដទៃផងដែរ។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Urbanland បានថ្លែងថា«យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធនាគារ ស៉ីអាយអិមប៊ី ភីអិលស៉ី និងធនាគារ ប្រេដ។ យើងផ្តោតការយកចិត្តទុកដាក់ទៅលើតម្រូវការរបស់មនុស្សជាចម្បងដូច្នេះហើយការចាប់ដៃគូនេះនឹងអនុញ្ញាតអោយអតិថិជននៃបុរីចន្ទគីរីទទួលបានការផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលតាមរយ:ធនាគារដៃគូទាំងអស់របស់យើង»។

គម្រោងបុរីចន្ទគីរីទទួលបានការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ដោយក្រុមហ៊ុនបានលក់អស់ ៨០% នៃចំនួនផ្ទះសរុបចាប់តាំងពីថ្ងៃសម្ពោធថ្ងៃទី ២២ ខែឧសភាមក។ សម្រាប់អ្នកដែលមានបំណងស្វែងរកផ្ទះក្នុងក្តីស្រមៃ សូមអញ្ជើញមកទស្សនាផ្ទះគំរូនៃបុរីចន្ទគីរី ឬទំនាក់ទំនងមកលេខទូរសព្ទ÷ 061 888 580 / 015 588 580 ដើម្បីសាកសួរពត៌មានបន្ថែម៕