(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ បានអញ្ជើញជួបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្តដល់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា ដែលត្រូវចេញដំណើរទៅចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែកក្កដាស្អែកនេះ។

លោករដ្ឋមន្ដ្រី ថោង ខុន បានធ្វើការលើកទឹកចិត្តយ៉ាងកក់ក្តៅចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា ដែលត្រូវបំពេញបេសកកម្មតំណាងជាតិ។ ប៉ុន្ដែដោយព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ ត្រូវរៀបចំឡើងក្នុងបរិបទកូវីដ-១៩ លោកបានក្រើនរំឮកឲ្យប្រតិភូ និងអត្តពលិកទាំងអស់ ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីការពារជំងឺដ៏កាចសាហាវនេះ ពិសេសត្រូវធានាឲ្យបាននូវសុវត្ថិភាពទាំងទៅ និងមក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្មបានបញ្ជាក់ថា ការប្រកួតអូឡាំពិក គឺជាព្រឹត្តិការណ៍ដ៏ធំសំខាន់ ដែលបណ្ដាប្រទេសសមាជិកត្រូវចូលរួម ជាក់ស្ដែងកម្ពុជាបានទទួលសិទ្ធិអនុគ្រោះ ២ប្រភេទកីឡា ដើម្បីចូលរួមការប្រកួតឆ្នាំនេះ គឺកីឡាហែលទឹក និងកីឡាអត្តពលកម្ម ហើយការចូលរួមនេះ គឺដើម្បីលើកទឹកចិត្តដល់ម្ចាស់ផ្ទះផង ដើម្បីលើកទង់ជាតិកម្ពុជា ក្នុងនាមសមាជិកចលនាអូឡាំពិកអន្ដរជាតិផង ហើយក៏ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។

នាយបេសកកម្មខាងលើបន្ថែមថា «យោងតាមអនុសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន អ្វីដែលសំខាន់សម្រាប់ប្រតិភូយើង ក្រោយទៅដល់ភូមិកីឡានៅជប៉ុន ត្រូវខិតខំរៀបចំខ្លួនឲ្យមានសុវត្ថិភាពល្អ ក្នុងការចូលរួម និងការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព។ ចំពោះរឿងណ្តើមយកមេដាយវិញ ដោយយើងឃើញថា យើងនៅឆ្ងាយពីកម្រិតអូឡាំពិកពិភពលោកនៅឡើយ អញ្ចឹងយើងសង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនីរបស់យើង នឹងអាចបំបែកសមិទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានកន្លងមក»។

ទន្ទឹមជាមួយការជួបសំណេះសំណាល និងលើកទឹកចិត្តខាងលើដែរ លោក ថោង ខុន ក្នុងនាមប្រធាន NOCC បានឧបត្ថម្ភថវិកាដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងម្នាក់ៗចំនួន ៦០០ដុល្លារ ហើយលោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា ដែលបានសម្រួលនូវថ្លៃសំបុត្រយន្ដហោះធ្វើដំណើរទៅមក និងប្រាក់ហោប៉ៅសម្រាប់ប្រតិភូ និងអត្តពលិក ដែលត្រៀមចូលរួមព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះផងដែរ។

ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហាខាងមុខ ខណៈប្រតិភូ និងអត្តពលិកកម្ពុជា នឹងត្រូវធ្វើដំណើរចាកចេញពីមាតុភូមិទៅចូលរួមព្រឹត្តិការណ៍នេះ នៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ស្អែក ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អមជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៧រូបទៀត។ ចំពោះកីឡាហែលទឹក គឺមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត និងកីឡាអត្តពលកម្ម គឺកីឡាករ ប៉ែន សុគង់៕