(អាមេរិក)៖ ក្រុមហ៊ុន Facebook បានចេញមុខច្រានចោល និងនិយាយបកទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថាអ្នកប្រើប្រាស់នៅអាមេរិកមានរហូតដល់ប្រមាណ ៨៥ភាគរយគឺទទួលបានការលើកទឹកចិត្តពាក់ព័ន្ធនឹងការ ចាក់ វ៉ាក់សាំងកូវីដ១៩ ផ្ទុយទៅវិញលោក បៃដិន ដែលមិនអាចសម្រេចបានតាមគោលដៅក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ អាមេរិកឱ្យបាន ៧០ភាគរយគិតត្រឹមដើមខែកក្កដា។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកប្រើប្រាស់ Facebook នៅអាមេរិកធ្លាប់ទទួលសម្ដែងអារម្មណ៍រីករាយក្ដីសង្ឃឹមថាពួកគេនឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ប៉ុន្តែ លោក បៃដិន បានធ្វើឱ្យក្ដីសង្ឃឹមរបស់ពួកគេត្រូវរលាយបាត់។

លោក Guy Rosen អនុប្រធានជាន់ខ្ពស់ និងជាតំណាង Facebook បានបង្ហោះសារថា ដោយផ្នែកទៅលើទិន្នន័យគឺ បានចង្អុលបង្ហាញថាស្ថេរភាពនៃអ្នកប្រើប្រាស់នៅអាមេរិកដែលចង់បានវ៉ាក់សាំងបានធ្លាក់ចុះពី ៨៥ភាគរយ មកនៅត្រឹម ៥០ភាគយ។

លោក Rosen បានបន្ថែមទៀតថា អត្រានៃចំនួនអ្នកប្រើប្រាស់នៅអាមេរិកដែលចង់បានវ៉ាក់សាំងបានធ្លាក់ចុះនៅក្នុងរយៈ ពេលប៉ុន្មានថ្ងៃក្រោយនេះ ពោលគឺបន្ទាប់ពីផែនការ ក៏ដូចជាគោលដៅរបស់លោក ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងជូន ពលរដ្ឋអាមេរិក ឱ្យបាន ៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ហើយមូលហេតុដែលមិនសម្រេចបានគោលដៅក៏មិនមែន មកពី Facebook ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីចុងសប្ដាហ៍មុននេះ បានថ្លែងរិះគន់ទៅលើបណ្ដាញសង្គម Facebook ថា វេទិកាបណ្ដាញទំនាក់ទំនងសង្គម Facebook «កំពុងតែសម្លាប់មនុស្ស» ដោយសារតែអនុញ្ញាតឱ្យមានព័ត៌មានមិនពិត អំពីវ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានផ្សព្វផ្សាយនៅលើវេទិការបស់ខ្លួន៕