(ភ្នំពេញ)៖ នៅមុននេះបន្ដិច ក្លិបបាល់ទាត់វិសាខា បានបង្ហាញខ្សែប្រយុទ្ធចំណូលថ្មី ១រូបទៀតហើយ គឺកីឡាករកូរ៉េខាងត្បូង Lee Jae Gun ដែលធ្លាប់ចំណាយពេលជាង ២រដូវកាលនៅក្របខណ្ឌលីគទី២ ប្រទេសប៊ែលហ្ស៊ិក។ វត្តមានរបស់ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះនឹងបង្ខំឲ្យវិសាខា ត្រូវចែកផ្លូវជាមួយកីឡាករបរទេសម្នាក់ ក្នុងចំណោម ៤នាក់ដែលកំពុងមមាញឹកជួយក្រុមក្នុងការប្រកួតបញ្ចប់ជើងទី១ នៃលីគកំពូលកម្ពុជា។

កីឡាករកម្ពស់ ១.៨០ម៉ែត្រ Lee Jae Gun បានផ្ដើមអាជីពបាល់ទាត់ដំបូងនៅក្របខណ្ឌលីគទី២ ប្រទេសប៊ែលហ្ស៊ិកជាមួយក្លិប AFC Tubize ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ មុនផ្ទេរទៅក្លិប Chungnam Asan FC នៃលីគទី២ ប្រទេសកំណើតវិញពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១។ នេះជាលើកដំបូងហើយដែលកីឡាករកូរ៉េខាងត្បូងរូបនេះ បានបោះជំហានមកប្រកបអាជីពនៅតំបន់អាស៊ីអាគ្នេយ៍ជាមួយក្លិបលីគកំពូលកម្ពុជា។

ជាមួយការនាំចូលកីឡាករថ្មី ដើម្បីពង្រឹងក្រុមនៅជើងទី២ នេះដែរ វិសាខា នឹងត្រូវចែកផ្លូវជាមួយកីឡាករបរទេសម្នាក់ រវាងខ្សែការពារអាហ្វ្រិកខាងត្បូង Khan Mohammed Faeez ខ្សែបម្រើអាហ្វហ្គានីស្ថាន Mustafa Zazai ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede និងខ្សែប្រយុទ្ធកាណាដា Marcus Haber ដ្បិតបច្ចុប្បន្នពួកគេមានកីឡាករបរទេស ៥រូបក្នុងដៃ បន្ទាប់ពីនាំចូលខ្សែប្រយុទ្ធប្រេស៊ីល Cristian Alex កាលពីថ្មីៗ។

គួរបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករសម្រាប់ជើងទី២ នៃលីគកំពូលកម្ពុជា នឹងបើកនៅថ្ងៃទី២១ ខែកក្កដា ហើយបិទនៅថ្ងៃទី២០ ខែសីហាខាងមុខ។ ដូច្នេះវិសាខា គឺជាក្លិបដំបូងគេដែលបានប្រកាសនាំចូលសមាជិកថ្មី មុនបើកទីផ្សារដោះដូរកីឡាករ ដើម្បីត្រៀមជើងទី២ ស្របពេលបច្ចុប្បន្ន ពួកគេកំពុងឈរលេខរៀងទី២ បណ្ដោះអាសន្ន បន្ទាប់ពីប្រកួត ៨លើក ឈ្នះ៥ និងស្មើ៣ រកបាន ១៨ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងអង្គរថាយហ្គឺរ ១ពិន្ទុ៕