(ជប៉ុន)៖ អ្នកឧបត្ថម្ភព្រឹត្តិការណ៍ Tokyo Olympics ក្រុមហ៊ុន Toyota នឹងមិនដំណើរការឧបត្ថម្ភផ្សាយពាណិជ្ជកម្ម លើកញ្ចក់ទូរទស្សន៍ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះនោះទេ ដោយសារខ្វះខាតការគាំទ្រជាសាធារណៈ ចំពោះព្រឹត្តិការណ៍ Olympics នេះ, ជាមួយនឹង២ភាគ៣នៃប្រជាជនជប៉ុន មិនប្រាកដក្នុងចិត្តថា ព្រឹត្តិការណ៍មានសុវត្ថិភាព អាចធ្វើឡើងនៅអំឡុងពេល នៃការរីករាលដាល ពីជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Toyota Motor លោក Akio Toyoda នឹងមិនចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ Tokyo Olympics នោះទេ, នេះបើយោងតាមសារព័ត៌មាន Yomiuri ចុះផ្សាយនាថ្ងៃចន្ទនេះ។

ប្រមាណ៦០ភាគរយ នៃក្រុមហ៊ុនសាជីវកម្មជប៉ុន ដែលបានចំណាយប្រាក់ជាង៣ពាន់លានដុល្លារ សម្រាប់ទទួលបានសិទ្ធឧបត្ថម្ភ ចំពោះព្រឹត្តិការណ៍ 2020 Olympics ដែលត្រូវបានពន្យារពេលនេះ ឥឡូវនេះប្រឈមមុខនឹងបញ្ហា ថាតើត្រូវភ្ជាប់ម៉ាកសញ្ញារបស់ពួកគេ ទៅនឹងព្រឹត្តិការណ៍កីឡា ដែលរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការទទួលបានការគាំទ្រ ជាសាធារណៈយ៉ាងខ្លាំង។

សូមបញ្ជាក់ថា ២ភាគ៣នៃប្រជាជន នៅក្នុងប្រទេសជប៉ុន មិនប្រាកដក្នុងចិត្តថា ប្រទេសរបស់ខ្លួន អាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Olympics ប្រកបដោយសុវត្ថិភាព និងសន្តិសុខ ស្របពេលដែលមានរលកថ្មី នៃករណីឆ្លងជំងឺ COVID-19, នេះបើយោងតាមការស្ទង់មតិមួយ ដែលបានចេញផ្សាយដោយសារព័ត៌មាន Asahi ត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ មុនពេលពិធីបើកព្រឹត្តិការណ៍ ដែលនឹងធ្វើឡើងនៅទីក្រុងតូក្យូ៕