(អង់គ្លេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent បានប្រកាសឲ្យដឹងថា ខ្លួនបានទិញយកក្រុមហ៊ុនផលិតហ្គេមរបស់ចក្រភពអង់គ្លេស Sumo Group ក្នុងតម្លៃ ១.២៧ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនលើការផលិតហ្គេមឲ្យកាន់តែខ្លាំងឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

ក្រុមហ៊ុន Tencent ត្រូវបានគេដឹងថា មានចំណែកហ៊ុនចំនួន ៨.៧៥ភាគរយនៅក្នុងក្រុមហ៊ុន Sumo Group មុនពេលប្រកាសទិញ។ ដោយឡែកនៅក្នុងកិច្ចព្រមព្រៀងទិញនេះគឺត្រូវបានគេដឹងថា Tencent បានស្នើសុំទិញ ៤៣ភាគរយបន្ថែមទៀត ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំ។

Sumo Group ជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយ ដែលកន្លងមកបានផលិតផលហ្គេមជាច្រើនឲ្យទៅ ក្រុមហ៊ុន Sony , Microsoft និងសម្រាប់ខ្លួនឯងផងដែរ។

លោក Carl Cavers បាននិយាយថា យើងសប្បាយរីករាយខ្លាំងណាស់ដែលបានរួមការងារជាមួយក្រុមហ៊ុន Tencent ហើយយើងអាចនឹងសោកស្តាយខ្លាំងផងដែរ បើសិនជាមិនទទួលយកឲ្យកាសដ៏ល្អមួយនេះ។ យើងនៅតែបន្តការងាររបស់ខ្លួនដដែល ប៉ុន្តែយើងនឹងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសយើងនឹងសាងនូវសមិទ្ធផលថ្មីៗរួមគ្នាជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា និយតករចិនកាលពីថ្មីៗនេះ បានរារាំងផែនការរបស់ក្រុមហ៊ុន Tencent ក្នុងការច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនផ្ដល់សេវាកម្ម Videogame Streeming ដ៏ល្បីនៅក្នុងប្រទេសចិនចំនួនពីរគឺ Huya និង DouYu ដោយ ផ្អែកលើហេតុផលប្រឆាំងនឹងសេចក្ដីទុកចិត្ត៕