(ភ្នំពេញ)៖ ក្នុងចំណោមសត្វទាំងអស់ មានសត្វខ្លះវៃឆ្លាត សត្វខ្លះកាចសាហាវ ហើយមានជាច្រើនលក្ខណៈទៀត ប៉ុន្តែតើអ្នកដឹងទេថា សត្វណាដែលមានភាពក្លាហានជាងគេ?

នៅឆ្នាំ១៩៤៣ គេបានរកឃើញថាសត្វដែលមានភាពក្លាហានជាងគេ គឺសត្វព្រាប។ ក្នុងសង្គ្រាមលោកលើកទី២ សត្វព្រាបនាំសារត្រូវគេប្រើយ៉ាងច្រើន ក្នុងពេលមានការប្រយុទ្ធដែលមិនអាចប្រើវិធីទំនាក់ទំនងផ្សេងៗបាន។

សត្វព្រាបឈ្មោះ កូស្តាហ្វ ត្រូវគេព្រលែងឱ្យទៅជួបនឹងអ្នកយកព័ត៌មានដែលកំពុងជាប់ក្នុងសមរភូមិ។ វាធ្វើដំណើរយ៉ាងក្លាហានក្នុងចម្ងាយ ២៤០ គីឡូម៉ែត្រ ដើម្បីបញ្ជូនព័ត៌មានស្តីពីការលើកទ័ពឡើងគោកនៅឆ្នេរណ័រម៉ាន់ឌី (Normandy)។ ក្រោយសង្គ្រាមចប់ កូស្តាហ្វ ក៏បានស្លាប់បាត់បង់ជីវិត ដោយសារតែអ្នកបោសសម្អាតសម្បុករបស់វា ច្រឡំអង្គុយលើវាដោយអចេតនា ទើបបណ្ដាលឲ្យវាស្លាប់តែម្ដង។

ក្នុងឆ្នាំ១៩៤២ អ្នកប្រាជ្ញចិត្តវិទ្យាម្នាក់បានសាកល្បងបង្វឹកសត្វព្រាបឱ្យធ្វើជាអ្នកនាំផ្លូវដឹកអាវុធ ដោយបង្វឹកសត្វព្រាបឱ្យចឹករូបទូក ហើយផ្ដល់រង្វាន់ជាចំណីគ្រាប់ស្រូវទៅសត្វពរាបនោះវិញ។ ក្រោយមក ព្រាបបីក្បាលដែលឆ្លងកាត់ការបង្វឹករួចហើយ ត្រូវបានគេយកទៅដាក់នៅនឹងចុងកាំជ្រួចនាំផ្លូវ។ ពេលគេបាញ់បង្ហោះកាំជ្រួចឡើង សត្វព្រាបនោះនឹងមើលឃើញកប៉ាល់តាមមាត់បង្អួច។ ពេលពួកវាចឹកដាក់បង្អួច គឺជាការបញ្ជាគ្រឿងម៉ាស៊ីនបង្វែរទិសដៅដែលភ្ជាប់នឹងប្រព័ន្ធនាំផ្លូវរបស់កាំជ្រួចឱ្យធ្វើការ។

ការស្រាវជ្រាវទាក់ទងនឹងបច្ចេកវិទ្យានាំផ្លូវដោយសត្វព្រាបទាំងនេះ ពុំមែនអត់ប្រយោជន៍សោះនោះទេ ព្រោះកងទ័ពជើងទឹកដែលការពារច្រាំងរបស់សហរដ្ឋអាមេរិក បានប្រើសត្វព្រាបឲ្យជួយនាំផ្លូវ ក្នុងការជួយសង្គ្រោះការធ្លាក់ឧទ្ធម្ភាគចក្រក្នុងសមុទ្រ ដោយបង្វឹកសត្វព្រាបឱ្យចឹកចំណុចពណ៌ទឹកក្រូច ដែលមានន័យថា គេអាចនាំពួកវាដើម្បីទៅស្វែងរកអាវពោងពណ៌ទឹកក្រូចក្នុងមហាសមុទ្របាន ព្រោះក្រសែភ្នែករបស់សត្វព្រាបល្អជាងអ្នកបើកបរយន្តហោះដល់ទៅ ១០ ដងឯណោះ៕