(ភ្នំពេញ)៖ ប្រតិភូ និងអត្តពិកកម្ពុជា បានចាកចេញពីមាតុភូមិ ឆ្ពោះទៅប្រទេសជប៉ុនហើយ នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ ខណៈមុនចេញដំណើរនាយបេសកកម្មកម្ពុជា លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ប្រទេសមានសន្ដិភាព ដាច់ខាតចូលរួមព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ ដ្បិតកម្ពុជាធ្លាប់ខកខានជាច្រើនឆ្នាំមកហើយកាលពីសម័យសង្គ្រាម។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខាងលើបានបញ្ជាក់ថា បេសកកម្មលើកនេះ អត្តពលិកអូឡាំពិកកម្ពុជា មានមោទនភាពជាងបេសកកម្មលើកមុនៗ ទោះបីមានការបារម្ភពីគ្រួសារ ឬមិត្តភ័ក្ដ្រ តែប្រតិភូ និងអត្តពលិកទាំងអស់ នៅតែមានឆន្ទៈមោះមុតក្នុងការចូលរួម ហើយត្រូវចូលរួមឲ្យបាន ដើម្បីតំណាងព្រះរាជាណាចក្រកកម្ពុជា តំណាងទង់ជាតិកម្ពុជា ក្នុងពិធីបើកកីឡាអូឡាំពិក ៤ឆ្នាំម្ដងក្នុងនាមកម្ពុជាជាសមាជិកចលនាអូឡាំពិកអន្ដរជាតិ ដែលមិនអាចលះបង់ការចូលរួមនេះបានឡើយ។

លោក វ៉ាត់ ចំរើន បន្ដថា «កម្ពុជាបានចូលជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ ៧មករា គឺនៅឆ្នាំ១៩៩៤ ហើយយើងបានចូលរួមការប្រកួតកីឡាអូឡាំពិក ក្រោយពីសង្គ្រាមស៊ីវិល គឺនៅឆ្នាំ១៩៩៦ ចឹងតាំងឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៩៦ ក្នុងរង្វង់នៃប្រទេសមានសង្គ្រាម យើងមិនបានចូលរួមទេ តែឥឡូវនេះ គឺប្រទេសមានសុខសន្ដិភាពពេញលេញ ហើយប្រទេសជាតិក៏មានការរីកចម្រើន ចឹងហើយយើងទាំងអស់គ្នា ត្រូវតែថែរក្សាការចូលរួមក្នុងនាមសមាជិក និងជាកាតព្វកិច្ចឲ្យបានជារៀងរាល់ឆ្នាំ បើទោះបីមានបញ្ហាកើតក្នុងការរៀបចំអូឡាំពិកក៏ដោយ ក៏យើងត្រូវតែចូលរួមដែរ ព្រោះយើងទាំងអស់គ្នា មានស្មារតីអូឡាំពិកនៅក្នុងបេះដូងយើងទាំងអស់គ្នា»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «ការប្រកួតឈ្នះចាញ់ គឺជារឿងមួយ ដែលការចូលរួមប្រកួតកីឡាអូឡាំពិក លោក Pierre De Coubertin គាត់បានថ្លែងហើយថា កីឡាអូឡាំពិកសំខាន់ជាងគេ គឺការចូលរួម ព្រោះការចូលរួម គឺជាការដែលធ្វើឲ្យពិភពលោកមានមិត្តភាព សាមគ្គីភាព និងសន្ដិភាព ដែលកម្ពុជាយើងបានដាក់ទ្រឹស្ដីក្នុងបាវចនានៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថា «កីឡារស់ក្នុងសន្ដិភាព»។ ចឹងយើងទៅនេះ ទៅដើម្បីសន្ដិភាព ទៅដើម្បីលើកទឹកចិត្តម្ចាស់ផ្ទះ ទៅដើម្បីបំពេញកាតព្វកិច្ចជាសមាជិកចលនាអូឡាំពិកពិភពលោក»

«ដូច្នេះអ្វីដែលយើងចង់បានត្រឡប់មកវិញ គឺកិត្តិយសសេចក្ដីថ្លៃថ្នូរ ដែលកីឡាករ-កីឡាការិនីរបស់យើងខិតខំប្រឹងក្នុងការប្រកួត ហើយប្រកួតដោយមោទនភាព គោរពគោលការណ៍ Fair-Play គោរពបទបញ្ជាការប្រកួត និងប្រកួតដោយក្រមសីលធម៌ល្អ ទោះបីកីឡាករ-កីឡាការិនីរបស់យើងមានចំនួនតិចមែន ក៏ប៉ុន្ដែយើងនឹងនាំត្រឡប់មកវិញនូវកិត្ដិយស មិនឲ្យយើងពាក់ព័ន្ធទៅនឹងសារធាតុដូប៉ា ឬរំលោភបទបញ្ជាការប្រកួតទេ។ នេះហើយជាការអបអរសាទរមួយ ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានយកចិត្តទុកដាក់ណាស់ចំពោះវិស័យកីឡា ពិសេសការយកចិត្តទុកដាក់ដល់កីឡាករ-កីឡាការិនីរបស់យើង»។ លោក វ៉ាត់ ចំរើន បន្ថែម។

គួរបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជា ដែលចេញដំណើរទៅប្រកួតកីឡាអូឡាំពិកថ្ងៃនេះ មានចំនួន ៨នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ៣រូបប៉ុណ្ណោះ ដែលទទួលបានសិទ្ធិអនុគ្រោះចូលរួម គឺមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត និងកីឡាអត្តពកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់។ ប៉ុន្ដែមុនចេញដំណើរ ១ថ្ងៃ លោក ថោង ខុន ប្រធាន NOCC ក៏បានរៀបចំកម្មវិធីជូបសំណេះសំណាល ជូនដំណើរ និងលើកទឹកចិត្តកាលពីម្សិលមិញផងដែរ។ លើសពីនេះ លោករដ្ឋមន្ដ្រី ក្នុងនាមប្រធាន NOCC ក៏បានឧបត្ថម្ភថវិកាដល់ប្រតិភូ និងអត្តពលិកម្នាក់ៗចំនួន ៦០០ដុល្លារផងដែរ៕