(តូក្យូ)៖ ព្រឹត្តិការណ៍កីឡាច្រើនរួមបញ្ចូលគ្នា ដែលគេឲ្យឈ្មោះថា Olympic Games នោះ ត្រូវបានគណៈកម្មាធិការអន្តរជាតិ IOC (International Olympic Committee) បង្កើតឡើងដំបូងតាំងពីឆ្នាំ១៨៩៦ នៅឯពហុកីឡដ្ឋាន Panathenaic ស្ថិតក្នុងទីក្រុងអាតែន ប្រទេសក្រិកដែលគិតមកដល់ឆ្នាំ២០២១ នេះ Olympic មានអាយុកាល ១២៥ឆ្នាំ នៅពេលដែលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup មានអាយុកាល ៩១ឆ្នាំគិតចាប់តាំងពីថ្ងៃបង្កើតដំបូងនៅឆ្នាំ១៩៣០។

កាលពី Olympic Games ត្រូវបានបង្កើតឡើងដំបូងមានតែអត្តពលិកមកពី ១៤ប្រទេស ស្មើនឹង ២៤១នាក់ចូលរួមប៉ុណ្ណោះ ដែលប្រកួតប្រជែងមេដាយទៅលើ ៤៣វិញ្ញាសាសរុប នៅពេលដែលទីក្រុងប៉ារីស ប្រទេសបារាំងជាអ្នកឈ្នះសិទ្ធិទទួលបានធ្វើម្ចាស់ផ្ទះនៅ ៤ឆ្នាំបន្ទាប់។

កីឡាអូឡាំពិក ត្រូវបានចែកចេញជា ២គឺ អូឡាំពិករដូវក្តៅ ដែលលេងរៀងរាល់ ៤ឆ្នាំម្តង និងអូឡាំពិករដូវរងារ លេងរៀងរាល់ ២ឆ្នាំម្តង ហើយប្រទេសដែលតែងតែបញ្ជូនអត្តពលិក និងឈ្នះមេដាយច្រើនជាងគេនោះ គឺមានអាមេរិក និងចិន តាមពីក្រោយដោយប្រទេសមហាអំណាចដូចគ្នា រុស្ស៊ី។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសបានបង្ហាញទិន្នន័យកាលពីឆ្នាំ២០១៦ ឲ្យដឹង រៀងរាល់រៀបចំអូឡាំពិករដូវក្តៅម្តងៗ ប្រទេសជាម្ចាស់ផ្ទះចំណាយជាមធ្យម ៥.២ពាន់លានដុល្លារ នៅពេលអូឡាំពិករដូវរងារ ចំណាយអស់ត្រឹមតែ ៣.១ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ Fresh News Plus មុនឡើងយន្តហោះទៅជប៉ុននាព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដានេះថា «កម្ពុជាបានចូលជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ ៧មករា គឺនៅឆ្នាំ១៩៩៤ ហើយយើងបានចូលរួមការប្រកួតកីឡាអូឡាំពិកនេះ ក្រោយពីចប់សង្គ្រាមស៊ីវិលរាំរ៉ៃនៅឆ្នាំ១៩៩៦ ចឹងតាំងឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៩៦ ក្នុងរង្វង់នៃប្រទេសមានសង្គ្រាម យើងមិនបានចូលរួមទេ តែឥឡូវនេះ គឺប្រទេសមានសុខសន្ដិភាពពេញលេញ ហើយប្រទេសជាតិក៏មានការរីកចម្រើន ចឹងហើយយើងទាំងអស់គ្នាត្រូវតែថែរក្សាការចូលរួមក្នុងនាមសមាជិក និងជាកាតព្វកិច្ចឲ្យបានជារៀងរាល់ឆ្នាំ បើទោះបីមានបញ្ហាកើតក្នុងការរៀបចំអូឡាំពិកក៏ដោយ ក៏យើងត្រូវតែចូលរួមដែរ ព្រោះយើងទាំងអស់គ្នាមានស្មារតីអូឡាំពិកនៅក្នុងបេះដូងយើងទាំងអស់គ្នា»

តួយ៉ាងប្រទេសស្ថិតទ្វីបអាស៊ី ជប៉ុនដែលជាអ្នកទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅលើកទី៣២ នេះ ត្រូវបានពន្យារពេល ១ឆ្នាំ ដោយរក្សាកាលបរិច្ឆេទប្រកួតនៅដដែល ដោយសារមេរោគរាតត្បាត COVID-19 ដែលចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី២៣ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដោយមានអត្តពលិកសរុបមកពី ២០៦ប្រទេសចូលរួម ស្មើនឹង ១១,២៣៨នាក់ គ្រាដែលកម្ពុជាមាន ៣នាក់ផងដែរក្នុងប្រភេទកីឡាហែលទឹក និងអត្តពលកម្ម ក្នុងចំណោម ៣៣ប្រភេទកីឡា ចែកចេញជា ៣៣៩វិញ្ញាសាសរុប៕