(អាមេរិក)៖ កម្មវិធី WhatsApp បានចាប់ផ្តើមបញ្ចេញនូវមុខងារថ្មីៗ និងពិសេសៗសម្រាប់បំពេញចិត្តអតិថិជន និងដើម្បីប្រជែងជាមួយក្រុមហ៊ុនដទៃ ជាក់ស្តែងនៅពេលនេះ មុខងារថ្មីមួយទៀតត្រូវបានប្រកាសឲ្យប្រើ នោះគឺ Group Call ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មុខងារ Group Call របស់ WhatsApp គឺមានលក្ខណៈខុសប្លែកពីកម្មវិធីផ្សេងបន្តិច ដោយសារតែអ្នកប្រើប្រាស់អាចចូលទៅប្រើមុខងារនេះបាន នៅពេលដែលខលទៅកាន់នរណាម្នាក់រួចហើយ ទើបអាច Add នរណាម្នាក់ទៀតចូល ដើម្បីបង្កើតជា Group Call។

តំណាងក្រុមហ៊ុន WhatsApp បានបញ្ជាក់ថា មុខងារថ្មីនេះគឺវាស្រដៀងគ្នាទៅនឹងការខលជា Group តាមរយៈលេខទូរស័ព្ទ ដូច្នេះវានឹងផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា កម្មវិធី WhatsApp ថ្មីៗនេះបានដាក់ឲ្យប្រើប្រាស់មុខងារថ្មីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើសារជារូបភាព និងវីដេអូ ដោយកំណត់លុបចោលសារនោះវិញភ្លាមក្រោយពីអ្នកទទួលបានអាន ឬឃើញលើកទី១ ឬមានន័យថាអ្នកទទួលគឺអាចមើលសារនោះបានតែម្ដងគត់ ដោយវាមានឈ្មោះថា View Once៕