(អាមេរិក)៖ មិនមែនជារឿងចម្លែកនោះទេ ដែលក្រុមចម្រៀងល្បីតែងតែមានបុគ្គលល្បីៗកោតសរសើរ ខណៈថ្មីៗនេះលោកស្រី Susan Wojcicki ដែលជានាយកប្រតិបត្តិក្រុហ៊ុន YouTube បានបង្ហោះសារយ៉ាងបើកជំហរ សម្តែងក្តីរំភើបរបស់ខ្លួន ចំពោះស្នាដៃចម្រៀងថ្មីរបស់ក្រុម K-POP បុរស BTS សម្រាប់បទ «Permission to Dance»។ ការចេញមុខសាទរពីសំណាក់លោកស្រី Susan គឺស្របពេលដែលអ្នកគាំទ្រ BTS កំពុងខកចិត្តនឹង YouTube ដែលបានកាត់ចំនួន View ក្នុងចម្រៀងរបស់ BTS។ តែបញ្ហានេះ YouTube ក៏បានចេញមុខបកស្រាយរួចរាល់ហើយដែរ។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីម្សិលមិញអ្នកគាំទ្ររបស់ BTS មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញ នាយកប្រតិបត្តិក្រុមហ៊ុន YouTube លោកស្រី Susan Wojcicki បង្ហោះសារ Twitter ក្នុងន័យសាទរសម្រាប់ស្នាដៃចម្រៀង «Permission to Dace» របស់ BTS។ ទន្ទឹមគ្នានេះ លោកស្រី Susan ក៏បានលើកទឹកចិត្តដល់អ្នកគាំទ្រ BTS ចូលរួមលេង Challenge បទមួយនេះក្នុង YouTube Shorts ផងដែរ។

គួរជម្រាបថា បទចម្រៀងថ្មី «Permission to Dace» ត្រូវបានគេមើលឃើញថា កំពុងតែលេចធ្លោរ និងមានការគាំទ្រខ្លាំងទូទាំងពិភពលោក ខណៈថ្នាក់ដឹកនាំប្រទេស និងបុគ្គលល្បីៗលើពិភពលោកជាបន្តបន្ទាប់ បានសរសើរក្រុមចម្រៀងមួយនេះ។ ជាក់ស្តែងកន្លងមកមានដូចជា ប្រធានាធិបតិកូរ៉េខាងត្បូងលោក Moon Jae-in, នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-Kyun, ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) និងពេលនេះ គឺនាយកប្រតិបត្តិក្រុមហ៊ុន YouTube លោកស្រី Susan Wojcicki។

ចម្រៀងថ្មី «Permission to Dace» កំពុងតែឈរនៅលេខរៀងទី១ លើតារា Billboard ដោយទម្លាក់បទ «Butter» របស់ក្រុម BTS តែមួយ បន្ទាប់ពីឈរជើងលើតារាមួយនេះ អស់រយៈពេល៧សប្តាហ៍ជាប់គ្នា៕