(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកដ៏ឆ្នើមកម្ពុជា សាលី អ៊ូមើត មិនបានចូលរួមប្រកួតកីឡាម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 (ជុំទី១) នៅប្រទេសប៉ូឡូញឡើយ ដោយសារបញ្ហាស្នើសុំទិដ្ឋាការ (Visa) ចូលទឹកដីអឺរ៉ុបមានការយឺតយ៉ាវ និងតម្រូវឲ្យធ្វើចត្ដាឡីស័ក ១០ថ្ងៃ ខណៈការប្រកួតត្រូវចាប់ផ្ដើមស្អែកនេះ។

សាលី អ៊ូមើត បានបញ្ជាក់ថា «ឥឡូវខ្ញុំខកខានចូលរួមការប្រកួត Jet Ski World Series នៅប្រទេសប៉ូឡូញហើយ ដោយសារខ្ញុំចូលទៅទ្វីបអឺរ៉ុប គេតម្រូវឲ្យធ្វើចត្ដាឡីស័ក ១០ថ្ងៃក្នុងផ្ទះ ដល់ចឹងខ្ញុំអត់អាចចូលទៅប្រកួតទាន់គេ ព្រោះអីគេត្រូវប្រកួតនៅថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា តែឥឡូវវខ្ញុំនៅថៃនៅឡើយ ដោយសារយឺតយ៉ាវស្នើសុំ Visa ទៅអាល្លឺម៉ង់ ដែលខ្ញុំបានស្នើសុំគេ គេអត់ទាន់ឆ្លើយតប...»

ជាមួយការអវត្តមានចូលរួមព្រឹត្តិការណ៍ពិភពលោកនេះ ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ ខាងលើបានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង ដោយនិយាយថា «ខ្ញុំពិតជាសោកស្ដាយមែនទែន ព្រោះខ្ញុំខំត្រៀមខ្លួន ខំប្រឹងហ្វឹកហាត់ និងទិញម៉ូតូថ្មី តែបែរជាមកយឺតយ៉ាវដោយសារ Visa ទៅវិញ ពិសេសបញ្ហាកូវីដ ព្រោះឥឡូវប្រទេសថៃ បានវិវត្តន៍ជាពណ៌ក្រហមទុំ ដល់ចឹងប្រហែលជាគេបិទអត់ឲ្យចេញដំណើរទៅណាមកណាទៀត...»

គួរដឹងថា ដំបូងឡើយកីឡាករខ្មែរឥស្លាមរូបនេះ គ្រោងចាកចេញពីប្រទេសថៃ ទៅអាល្លឺម៉ង់ដែលជាប្រទេសកំណើតម្ចាស់កំណើតរបស់ខ្លួននាដើមខែកក្កដា រួចទើបបន្ដដំណើរទៅប្រទេសអូទ្រីស ដើម្បីយកម៉ូតូថ្មីរបស់ខ្លួន ហើយបន្ដដំណើរទៅប្រទេសប៉ូឡូញ ដើម្បីចូលរួមការប្រកួត Jet Ski World Series 2021-2022 នៅទីនោះតែម្តង។ តែដោយសារបញ្ហាកូវីដ បានធ្វើឲ្យការស្នើសុំទិដ្ឋាការចូលទឹកដីអឺរ៉ុបជួបការលំបាក និងយឺតយ៉ាវ រហូតត្រូវខកខានចូលរួមប្រកួតបែបនេះ។

ចំពោះព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោកឆ្នាំនេះ ត្រូវបានសហព័ន្ធកីឡាម៉ូតូទឹកអន្ដរជាតិ សម្រេចរៀបចំការប្រកួត ៣ជុំនៅទ្វីបចំនួន ៣ទីតាំងផ្សេងគ្នា ដោយជុំទី១ ផ្ដើមចេញពីការប្រកួតប្រចាំតំបន់អឺរ៉ុប នៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ដែលជាជុំកាត់សេចក្ដី នឹងប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅប្រទេសថៃ៕