(កូរ៉េ)៖ ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ផ្នែកតន្រ្តី «Mnet» ដែលតែងតែធ្វើប្រចាំឆ្នាំ ត្រូវបានរាយការណ៍មកថា ក្នុងឆ្នាំ២០២១នេះ ទំនងជានឹងធ្វើឡើងនៅអំឡុងខែធ្នូ ក្នុងទីក្រុងហុងកុង ព្រោះតែប្រជាជនភាគច្រើន បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ហើយ ពោលគឺនឹងមិនមែនធ្វើតាមអនឡាញ ដូចឆ្នាំ២០២០ឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

យ៉ាងណាមិញ នេះគ្រាន់តែជាដំណឹងក្រៅផ្លូវការប៉ុណ្ណោះ ប៉ុន្តែដោយសារតែវាត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយពេកលើបណ្តាញសង្គម ទើបក្រុមការងាររៀបចំ Mnet បានចេញសេចក្តីប្រកាស ដើម្បីឆ្លើយតប និងអះអាងថា រហូតមកទល់នឹងពេលនេះ នៅមិនទាន់កំណត់ទីតាំងប្រារព្ធច្បាស់លាស់នោះទេ និងស្ថិតក្នុងភាពស្រពិចស្រពិល ហើយបានស្នើសុំដល់អ្នកពាក់ព័ន្ធនឹងការងារនៃព្រឹត្តិការណ៍នេះ រក្សារការសម្ងាត់នូវព័ត៌មានអំពីកម្មវិធីនេះ។

គួរជម្រាបថា តាំងពីឆ្នាំ២០១០មក កម្មវិធី MAMA (Mnet Asian Music Award) តែងតែធ្វើឡើងក្រៅប្រទេសកូរ៉េ ខណៈចាប់ពីឆ្នាំ២០១២ ដល់២០១៥ កម្មវិធីនេះត្រូវបានធ្វើឡើងនៅទីក្រុងហុងកុង និងចាប់ពីឆ្នាំ២០១៧ ដល់២០១៨ ត្រូវបានធ្វើឡើងនៅ៣ប្រទេសផ្សេងគ្នា ក្នុងនោះរួមទាំងទីក្រុងហុងកុងមួយផងដែរ។ ដោយឡែកសម្រាប់ឆ្នាំ២០១៩ ព្រឹត្តិការណ៍ MAMA មិនអាចត្រូវបានរៀបចំឡើងនៅហុងកុងទេ ដោយសារតែការតវ៉ាបានកើតឡើងនៅពេលនោះ និងឆ្នាំ២០២០ គឺធ្វើតាមអនឡាយ ដោយសារវិបត្តិកូវីដ-១៩៕