(ភ្នំពេញ)៖ សត្វក្រៀល គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន។ ជាទូទៅសត្វក្រៀលមានកម្ពស់ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួន៣ និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។

សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។

កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ គេពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញី នៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាងអាឈ្មោលបន្តិច។ សត្វក្រៀលត្រូវបានចាត់ជា ប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជី ក្រហម IUCN។

លក្ខណៈជីវសាស្ត្រនៃសត្វក្រៀល ការរស់នៅរបស់សត្វក្រៀលនារដូវប្រាំង (ខែធ្នូ ដល់ខែមេសា) ដែលជារដូវមិនបន្តពូជ និងត្រូវខិតខំស្វែងរកចំណី សត្វក្រៀលបានហើរផ្លាស់ទី ពីតំបន់ដែលពួកវាពងកូន ទៅរកចំណី និងដេកជាហ្វូងៗ នៅតាមតំបន់ដីសើមដែលមានទឹករាក់ៗ និងសម្បូរដោយចំណី។ ទោះបីជាសត្វក្រៀលរស់នៅជាហ្វូងក៏ដោយពួកវាក៏នៅតែរស់នៅជាក្រុមគ្រួសារផ្សេងៗគ្នា ដោយស្រែកច្រៀងដាក់គ្នាទៅវិញទៅមក។ នេះអាចជាការបញ្ជាក់ពីភក្ដីភាព របស់ពួកវា ឬបញ្ចេញសញ្ញាថាពួកវាកំពុងត្រូវបានទទួលរងការគំរាមកំហែងនានា។

ការរកចំណីរបស់សត្វក្រៀលទាំងអស់ជាសព្វាសី មានន័យថា ពួកវាស៊ីទាំងរុក្ខជាតិ និងសត្វ។ សត្វក្រៀលស៊ីរុក្ខជាតិទឹក មើមរុក្ខជាតិ សត្វឥតឆ្អឹងកង គ្រាប់ធញ្ញជាតិ និងសត្វឆ្អឹងកងតូចៗ ព្រមទាំងសត្វល្អិតជាអាហារ។ សត្វក្រៀលប្រើចំពុះវែងរឹងមាំរបស់វាសម្រាប់ចឹកស៊ីមើមផ្លុង និងសត្វល្អិតពីក្នុងភក់ល្បាប់។ ជូនកាលពួកវាចឹកប៉ះចំត្រី ឬកង្កែបទោះបីជាពួកវាមានការលំបាកក្នុងការបំបែកអាហារទាំងនេះជាចំណែកតូចៗដើម្បីលេបក៏ដោយ។ បន្ទាប់ពីកសិករបានច្រូតកាត់ប្រមូលផលស្រូវរួចសត្វក្រៀលនឹងទៅរកចំណីក្នុងវាលស្រែទាំងនោះដោយស៊ីគ្រាប់ស្រូវដែលជ្រុះក្នុងស្រែ។ មេបារបស់សត្វក្រៀលបង្រៀនកូនរបស់វាពីវិធីរកចំណី ព្រមទាំងពាំនាំយកចំណីឲ្យកូន ទោះបីជាកូនរបស់វាធំធាត់ស្ទើរតែពេញវ័យហើយក៏ដោយ។

ការសំអាតខ្លួនរបស់សត្វក្រៀល តែងតែងូតទឹក និងសសិតរោមរបស់វាជាទៀងទាត់ដើម្បីសំអាតខ្លួន។ នៅពេលដែលសសិតរោម វានឹងបញ្ចេញជាតិប្រេងពីក្រពេញម៉្យាងទៅដល់រោមរបស់វា។

ការបន្តពូជរបស់សត្វក្រៀលមនោសញ្ចេតនាស្នេហារបស់សត្វក្រៀល សត្វក្រៀលញីឈ្មោលដែលបានបន្តពូជជាមួយគ្នា ពួកវានឹងរួមរស់នៅជាមួយគ្នាអស់មួយជីវិត។ ក្នុងអំឡុងរដូវបន្តពូជក្រៀលដែលមានគូ គឺមានដែនដីផ្ទាល់ខ្លួនរបស់វា តែនៅអំឡុងពេលមិនបន្តពូជ និងពេលដែលពួកវារកចំណីជាហ្វូងៗ ពួកវានៅតែដើររកចំណីជាក្រុមគ្រួសាររៀងៗខ្លួន។ ពួកវាតែងតែស្រែកច្រៀងដាក់គ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីចំណងភក្តីភាពនៃគ្រួសាររបស់ខ្លួន។

សម្រែកច្រៀងត្រសងគ្នា សត្វក្រៀលដែលមានគូតែងតែស្រែកច្រៀងត្រសងគ្នាជាញឹកញាប់ដោយស្រែកបន្តគ្នា។ ការស្រែកនេះចាប់ផ្ដើមពីអាឈ្មោល និងបន្តដោយមីញី ហើយយើងពិបាកនឹងដឹងថាពេលណាសម្លេងអាឈ្មោលចប់ និងសម្លេងមីញីចាប់ផ្ដើម។ នៅពេលស្រែកម្ដងៗ អាឈ្មោលតែងតែត្រដាងស្លាបទៅលើខ្នង ហើយមីញីតែងតែក្ដោបស្លាបនៅនឹងខ្លួនវា។

ការចែចង់គ្នារបស់សត្វក្រៀល ការចែចង់គ្នាគឺចាប់ផ្ដើមពីអាឈ្មោល និងបន្តដោយមីញី ទោះបីជាមីញីមិនសូវសកម្មក៏ដោយ។ អាឈ្មោលចាប់ផ្ដើមដោយត្រដាងស្លាបបើក រួចបង្អោនខ្លួនបន្តិច បន្ទាប់មកលោតផ្លោះថែមទាំងផ្អៀងផ្អងខ្លួនចុះឡើងៗរួចងើបក្បាលឡើងមុននឹងស្រែកកងរំពង។ បន្ទាប់មកមីញីក៏ចូលរួមកាយវិការទាំងនេះ ដោយយើងឃើញក្រៀលញីឈ្មោលចែចង់គ្នាដោយលោតចុះឡើងដាក់គ្នាទៅវិញទៅមក។ ការចែចង់គ្នានេះមានភាពរស់រវើក និងពិសេសអស្ចារ្យណាស់ដោយមានសម្រែកច្រៀងត្រសងគ្នាក្នុងពេលដំណាលគ្នានោះ។

ការរួមសង្វាស់បន្ទាប់ពីការចែចង់គ្នាបានបញ្ចប់ សត្វក្រៀលនឹងត្រឡប់ទៅសភាពធម្មតាវិញ ប៉ុន្តែ ជូនកាលមីញីនឹងបន្ទាបខ្លួនឲ្យអាឈ្មោលជាន់ញី (រួមសង្វាស់)។ ការរួមសង្វាស់នេះមានរយៈពេលតែ៣ ឬ ៤វិនាទីប៉ុណ្ណោះ ហើយវាមានរយៈពេលខ្លីណាស់បើធៀបនឹងការចែចង់គ្នា។

វដ្តជីវិតសត្វក្រៀលពេលកាច់សំបុកនៅរដូវបន្តពូជ សត្វក្រៀលញីឈ្មោលនឹងបំបែកហ្វូង រួចស្វែងរកទីតាំងសម្រាប់កាច់សំបុក។ នៅប្រទេសកម្ពុជា សត្វក្រៀលជ្រើសរើសព្រៃរបោះ ដែលមានតំបន់ដីសើមដែលជាផ្នែកមួយនៃវាលស្មៅនៅក្នុងព្រៃនោះ។ ក្រៀលញីឈ្មោលទាំងពីររួមគ្នាធ្វើសំបុក ដែលសំបុកនោះធ្វើពីចំបើង និងស្មៅត្រែងជាដើម។ សំបុកទាំងនោះមានអង្កត់ផ្ចិតរហូតដល់២ម៉ែត្រ និងកម្ពស់រហូតដល់១ម៉ែត្រ ចំណែកឯស៊ុតក្រៀល គឺអាចអណ្តែតលើផ្ទៃទឹកបាន។

ការផ្ដល់កំណើត ជាទូទៅសត្វក្រៀលផ្ដល់កំណើតដោយមានស៊ុតចំនួន ០២គ្រាប់ តែនៅពេលខ្លះមានស៊ុតចំនួន០៣គ្រាប់ ហើយកម្រនឹងមានស៊ុត០៤គ្រាប់ណាស់។ ក្រៀលញី ឈ្មោលទាំងពីរក្រាបពង ទោះបីជាភាគច្រើនមីញីមានតួនាទីក្រាបពង រីឯអា ឈ្មោលមានតួនាទីការពារសំបុកពីការយាយីរបស់សត្រូវ។ ស៊ុតត្រូវបានញាស់ក្នុងអំឡុងពេលពី៣០ ទៅ ៣៤ថ្ងៃរហូតដល់ពេលវាញាស់។

ការញាស់កូនតូចដែលទើបនឹងញាស់គឺឆាប់ធំធាត់ណាស់បើធៀបនឹងសត្វស្លាបផ្សេងទៀត។ ពួកវាបើកភ្នែកភ្លាមៗបន្ទាប់ពីញាស់ ហើយអាចដើរបាននៅពេលដែលរោមរបស់វាស្ងួតភ្លាមៗនោះ។ កូនតូចអាចរត់កាត់ទឹករាក់ៗយ៉ាងលឿន ហើយដើរតាមមេរបស់វា។ នៅពេលដែលកូនក្រៀលមានអាយុ៣ ឬ ៤ខែ វានឹងមានដុះស្លាបសម្រាប់ហោះហើរ។

ការរស់នៅរបស់កូនក្រៀល កូនក្រៀលធំធាត់យ៉ាងឆាប់រហ័ស ហើយជាទូទៅរៀងរាល់ឆ្នាំ មានតែកូនមួយទេដែល អាចរស់រៀនមានជីវិត។ កូនក្រៀលនឹងដើរតាមមេបារបស់វា ដើម្បីរៀនស្វែងរកចំណី និងគេច វេសពីសត្រូវដែលតាមយាយី។ នៅពេលដែលកូនក្រៀលមានអាយុ៥ ឬ៦ខែ វានឹងត្រូវបានចូល រួមក្នុងហ្វូងក្រៀល។ កូនក្រៀលនឹងនៅជាមួយមេបារបស់វាពេញមួយឆ្នាំ ដើម្បីឱ្យមានភាពម្ចាស់ ការអាចដើរហើរដោយខ្លួនឯងបាន។

សត្វក្រៀលពេញវ័យក្រៀលពេញវ័យនឹងចូលរួមជាមួយហ្វូងក្រៀលហើយហោះហើរចុះឡើងនៅក្នុងប្រទេសកម្ពុជាទៅតាមរដូវកាល រហូតដល់ពេលដែលវាជួបដៃគូបន្តពូជរបស់វា និងបន្តខ្សែជីវិតដូចដែលវដ្តជីវិតសបស់វា។ គេបានកត់ត្រាថាសត្វក្រៀលអាចរស់នៅបានរហូតដល់អាយុ៤២ឆ្នាំ (រស់នៅក្នុងសួនសត្វ)។

ជំនឿវប្បធម៌ទៅលើសត្វក្រៀល សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជា តាំងពីយូរលង់ណាស់មកហើយគិតចាប់ពី សម័យអង្គរ នាសតវត្សទី៩ដល់សតវត្សទី១៥។ បើសិនយើងបានទស្សនាប្រាសាទបាយ័ន នៅខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។

ប្រជាជនមូលដ្ឋានធ្លាប់មានជំនឿថានៅពេលដែលមានសត្វក្រៀលមួយគូហើររំលងដំបូលផ្ទះនរណាម្នាក់ នោះនឹងមានគូស្នេហ៍វ័យក្មេងនៃគ្រួសារនោះពង្រត់គ្នាពុំខាន។ ប៉ុន្តែសព្វថ្ងៃ ប្រជាជនឈប់ជឿអបិយជំនឿនោះទៀតហើយ

នៅក្នុងទ្វីបអាស៊ី សត្វក្រៀលគឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះ ដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា សត្វក្រៀល ត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា។

ទីជម្រកសត្វក្រៀលនៅកម្ពុជា សត្វក្រៀលប្រើប្រាស់ទីជម្រកផ្សេងៗគ្នាដែលមានវិសាលភាពធំគ្របដណ្ដប់ទូទាំងប្រទេសកម្ពុជាដែលនេះជាតម្រូវការនានា នៅរដូវកាលផ្សេងៗគ្នាសម្រាប់សត្វក្រៀល។

នៅរដូវពងកូនចាប់ពី ខែកក្កដា ដល់ ខែតុលា សត្វក្រៀលធ្វើបំលាស់ទីទៅភាគខាងជើង និងភាគឦសាន (ខាងជើងឈាងខាងកើត) នៃប្រទេសកម្ពុជា។ នៅក្នុងព្រៃដែលសំបូរដោយ តំបន់ដីសើមតូចៗ (ត្រពាំង ឬថ្លុកទឹក) គឺជាទីជម្រកដ៏សំខាន់សម្រាប់បន្តពូជ។

នៅរដូវរកចំណីមិនបន្តពូជចាប់ពី ខែធ្នូ ដល់ ខែមេសា សត្វក្រៀលធ្វើការផ្លាស់ទីទៅភាគពាយ័ព្យ (ខាងជើងឈាងខាងលិច) និងភាគអាគ្នេយ៍ (ខាងត្បូងឈាងខាងកើត) នៃប្រទេសកម្ពុជា ដែលជាទីជម្រកដ៏សំខាន់សម្រាប់រកចំណីបំប៉នសុខភាពសម្រាប់រដូវបន្តពូជ។ សត្វក្រៀលធ្វើការផ្លាស់ទីពីទីតាំងបន្តពូជទៅទីតាំងរកចំណីនៅចន្លោះខែតុលា និងខែវិច្ឆិកា អាស្រ័យលើស្ថានភាពរដូវវស្សាប្រចាំឆ្នាំ។ ពួកវាធ្វើការផ្លាស់ទីពីទីតាំងរកចំណីទៅទីតាំងបន្តពូជវិញនៅចន្លោះខែមេសានិងខែមិថុនា។

រដូវពងកូន នៅរដូវពងកូន សត្វក្រៀលញីឈ្មោល ដែលជាដៃគូបន្តពូជនឹងបំបែកខ្លួនចេញពីហ្វូងរបស់វា ហើយស្វែងរកទីតាំងសមរម្យដើម្បីធ្វើសំបុក។ នៅក្នុងប្រទេសកម្ពុជា ទីតាំងដែលពួកវាធ្វើសំបុកគឺជាតំបន់ព្រៃល្បោះដែលសំបូរដោយតំបន់ដីសើមតូចៗ(ត្រពាំង ឬថ្លុកទឹកផ្សេងៗ)។ ទីតាំងពងកូនទាំងនេះ គឺស្ថិតនៅតំបន់ព្រៃភាគខាងជើងនៃប្រទេសកម្ពុជា។ ទីតាំងពងកូនទាំងនោះភាគច្រើនគឺស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។

រដូវរកចំណីនិងមិនបន្តពូជនៅរដូវមិនបន្តពូជ សត្វក្រៀលតែងរកចំណីផ្ដុំគ្នាជាហ្វូងៗ ដែលក្នុងហ្វូងនោះពួកវារកស៊ីផ្ដុំគ្នា ឬហោះហើរជាគ្រួសារនីមួយៗ។ ក្នុងរដូវនេះ សត្វក្រៀលដែលពុំទាន់មានគូនឹងប្រមូលផ្ដុំ គ្នាដើម្បីចងសម្ព័ន្ធមេត្រីសម្រាប់រដូវពងកូនបន្ទាប់ពីរដូវរកចំណីនេះ។ នៅរដូវរកចំណី សត្វក្រៀលធ្វើផ្លាស់ទីទៅតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។

ចំនួនសត្វក្រៀលប្រហែលពាក់កណ្ដាលធ្វើការផ្លាស់ទីទៅតំបន់នានានៃអាងទន្លេសាបដោយរាប់បញ្ចូលទាំងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ហើយចំនួនសត្វក្រៀលប្រហែលពាក់កណ្ដាលទៀតធ្វើការផ្លាស់ទីទៅតំបន់ដែនដីសណ្ដរទន្លេមេគង្គនៃប្រទេសកម្ពុជា និងវៀតណាម។ តំបន់ដែនដីសណ្ដរទន្លេមេគង្គ នៃប្រទេសកម្ពុជា រួមមានតំបន់ការពារទេសភាពអន្លង់ព្រីង និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ៕