(ភ្នំពេញ)៖ អតីតស្ដេចប្រដាល់គុនខ្មែរ លោក អេ ភូថង បានទទួលអំណោយលោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡាសរុបថវិកាចំនួន ២,០០០ដុល្លារ ដើម្បីសម្រាលទុក្ខលំបាក ស្របពេលលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងជំងឺប្រចាំកាយផ្សេងៗ។ ប៉ុន្ដែបច្ចុប្បន្នអាការៈជំងឺកូវីដរបស់គ្រូបង្វឹកគុនខ្មែររូបនេះ បានធូរស្រាលច្រើនហើយ។

ពិធីប្រគល់អំណោយ និងសួរសុខទុក្ខខាងលើបានធ្វើឡើងតាមរយៈប្រព័ន្ធ ZOOM នៅល្ងាចថ្ងៃទី២០ ខែកក្កដានេះ ដោយលោក សុខ សង្វារ ប្រធានក្រុមកីឡា ផ្នែកសិល្បៈ និងកីឡា តំណាងលោកជំទាវ ដាំ ដារិនី ប្រធានផ្នែកសិល្បៈ និងកីឡា បាននាំយកអំណោយលោក ហ៊ុន ម៉ាណែត និងក្រុមការងារផ្នែកសិល្បៈ និងកីឡា ផ្ដល់ជូនដល់លោក អេ ភូថង ក្នុងនោះក៏មានការចូលរួមពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ។

លោក សុខ សង្វារ បានបញ្ជាក់ថា ថវិកា ២,០០០ដុល្លារនេះ គឺជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកជំទាវចំនួន ១,០០០ដុល្លារ និងថវិការៃអង្គាសពីក្រុមការងារផ្នែកសិល្បៈ និងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចំនួន ១,០០០ដុល្លារ ហើយលោកក៏បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ចំពោះលោក អេ ភូថង លើកទឹកចិត្តឲ្យលោកខិតខំថែរក្សាសុខភាពឆាប់បានជាសះស្បើយពីជំងឺទៀតផង។

ទន្ទឹមជាមួយគ្នាលោក អេ ភូថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំលែកទុក្ខលំបាករបស់ក្រុមគ្រួសារលោក និងយកចិត្តទុកដាក់ខ្ពស់លើកស្ទួយវិស័យកីឡាជាតិ។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកខ្ពស់ព្យាបាលរូបលោក ដែលស្ទើរតែគ្មានសង្ឃឹមឲ្យបានធូរស្បើយឡើងវិញនៅពេលនេះផងដែរ។

លោកបានបន្ថែមថា បើកុំតែបានចាក់វ៉ាក់សាំងគ្រប់ចំនួននោះ ស្ថានភាពជំងឺរបស់លោកនឹងមិនអាចជួយសង្គ្រោះបានឡើយ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដែលជួយឲ្យរូបលោក និងពលរដ្ឋខ្មែរជាច្រើនទៀត អាចឆ្លងផុតពីដំណាក់កាលស្លាប់មកជាសះស្បើយវិញបាន។ ជាចុងក្រោយ លោកបានផ្តាំផ្ញើឲ្យយុវជន និងប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ពីការឆ្លងជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តវិធានសុខាភិបាលឲ្យបានជាប់លាប់ ពិសេសវិធានការ ៣ការពារ និង ៣កុំ ដើម្បីរួចផុតពីជំងឺដ៏កាចសាហាវនេះ៕