(អង់គ្លេស)៖ ខ្សែបម្រើក្លិប Liverpool កីឡាករ Marko Grujic បានសម្រេចការប្តូរជាអចិន្ត្រៃយ៍ ទៅកាន់ក្លិប Porto បន្ទាប់ពីបានចំណាយពេល កាលពីរដូវកាលមុន លេងក្នុងលក្ខខណ្ឌកម្ចីជើង នៅឯក្លិបរបស់ព័រទុយហ្គាល់មួយនេះ, នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគ Premier League នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

តម្លៃនៃការផ្ទេរនេះ មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានចេញផ្សាយថា តម្លៃខ្លួនកីឡាករលំដាប់អន្តរជាតិសញ្ជាតិស៊ែប៊ីរូបនេះ មានប្រមាណ១០.៥លានផោន (១៤.៣២លានដុល្លារអាមេរិក)។

Grujic បានចុះកិច្ចសន្យាជាលើកដំបូង ជាមួយលោក Juergen Klopp អ្នកចាត់ការក្លិប Liverpool ក្នុងឆ្នាំ២០១៦ ដោយប្តូរមកពីក្លិប Red Star Belgrade, ហើយកីឡាករវ័យ២៥ឆ្នាំរូបនេះ បានបង្ហាញខ្លួន១៤ប្រកួត ឲ្យក្លិប Liverpool នៅក្នុងការប្រកួតទាំងអស់។

មុនពេលការផ្ទេរក្នុងលក្ខខណ្ឌកម្ចីជើងរបស់លោក ទៅកាន់ក្លិប Porto កាលពីរដូវកាលមុន, កីឡាករ Grujic បានបង្ហាញខ្លួន២លើក នៅក្នុងយុទ្ធនាការ League Cup របស់ក្លិប Liverpool ហើយបានស៊ុតបញ្ចូលទី តែ១គ្រាប់ប៉ុណ្ណោះឲ្យក្លិប៕